ការសិក្សាបង្ហាញថា ប្រើប្រាស់ស្មាតហ្វូនលើសពី ៥ម៉ោង ក្នុងមួយថ្ងៃ អាចធ្វើអោយអ្នកធាត់លើសទម្ងន់បាន
បើនិយាយរឿងស្មាតហ្វូន ពួកយើងតែងតែមិនទុកវាចោលនោះទេ! ពេលខ្លះសូម្បីតែពេលញ៉ាំបាយក៏យើងកាន់វាទៅតាមខ្លួនជាមួយដែរ ប៉ុន្តែពួកយើងមិនដែលចាប់អារម្មណ៍នោះទេថា ក្បាលពោះសុទ្ធតែខ្លាញ់របស់ពួកយើង អាចមានជាប់ទាក់ទងជាមួយទម្លាប់នៃការប្រើទូរសព្ទនេះ។ តាមការស្រាវជ្រាវរបស់អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Simón Bolívar របសប្រទេសកូឡុំប៊ី ដែលធ្វើលើនិស្សិតសាកលវិទ្យាល័យចំនួន ១,០៦០នាក់ បានរកឃើញថា អ្នកដែលប្រើទូរស័ព្ទរយៈពេល ៥ម៉ោង ឬច្រើនជាងនេះ ក្នុងមួយថ្ងៃ មានការកើនឡើងហានិភ័យនៃការធាត់រហូតដល់ ៤៣% ។

ការសំកុកចុចតែទូរស័ព្ទនាំឱ្យចលនារបស់យើងថយចុះ ដូច្នេះបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដោយសារតែភាពអសកម្មនេះ។ ការសិក្សាដ៏ទូលំទូលាយនេះ បានតាមដាននិស្សិតអស់រយៈពេល ៦ខែ គិតចាប់ពីខែមិថុនា ដល់ខែធ្នូ ឆ្នាំ២០១៨។ ក្នុងចំណោមអ្នកទាំងនោះ មាន ២៦% ដែលលើសទម្ងន់ និង ៤.៦% មានបញ្ហាធាត់មានក្បាលពោះ ដោយសារពួកគេបានចំណាយពេលជាង ៥ម៉ោង ក្នុងមួយថ្ងៃ លើឧបករណ៍ចល័តរបស់ពួកគេ។
ការសិក្សាក៏បានរកឃើញថា ក្រុមបុរស ៣៦.១% មានការលើសទម្ងន់ និង ៤២.៦% គឺមានបញ្ហាធាត់មានក្បាលពោះនេះ។ ចំណែកក្រុមស្ត្រីមាន ៦៣.៩% មានការលើសទម្ងន់ និង ៥៧.៤% គឺធាត់។ ការសិក្សាក៏បានបញ្ជាក់ដែរថា ទម្លាប់របៀបរស់នៅរបស់ក្រុមនិស្សិតសាកលវិទ្យាល័យ ជាមូលហេតុដែលធ្វើឱ្យពួកគេមានហានិភ័យខ្ពស់ដល់សុខភាព ដូចជាជំងឺបេះដូងជាដើម។ ដោយសារការគួបផ្សំទម្លាប់ទទួលទានភេសជ្ជៈមានជាតិស្ករ អាហាររហ័ស (fastfoods) បង្អែម និងអាហារសម្រន់ ក៏ដូចជាការថយចុះកម្រិតនៃការហាត់ប្រាណ៕


អត្ថបទ៖ លីដា