ខ្លាំងមែន! មេក្រុមជួញគ្រឿងញៀនម្នាក់ លួចរត់ចេញពីគុកដោយបន្លំខ្លួនធ្វើជាកូនស្រី មើលសឹងតែមិនដឹង
ប្រេស៊ីល៖ ថ្មីៗនេះមានមេក្រុមជួញគ្រឿងញៀនជនជាតិប្រេស៊ីលម្នាក់ បានព្យាយាមរត់គេចពីពន្ធនាគារដោយក្លែងខ្លួនធ្វើជាកូនស្រីរបស់គាត់ និងប្ដូរឱ្យនាងនៅក្នុងគុកជំនួសវិញ នៅពេលដែលកូនស្រីរបស់គាត់បានទៅលេងគាត់នៅឯពន្ធនាគារ។ ប៉ុន្តែមន្រ្តីពន្ធនាគារបាននិយាយថា អ្នកទោស Clauvino da Silva ដែលត្រូវបានគេហៅក្រៅថា «តឿ» នៅតែមិនអាចគេចចេញមកបាន ដោយសារគាត់មិនអាចលាក់ភាពភ័យញ័ររបស់គាត់បាន នៅពេលដែលគាត់បានលបលួចចេញពីគុក Gericinó នៅតំបន់ Rio de Janeiro ។

ផែនការរបស់គាត់ទំនងជាទុកកូនស្រីអាយុ ១៩ឆ្នាំ របស់គាត់ឱ្យនៅក្នុងគុកជំនួសវិញ។ ហើយខណៈពេលនេះប៉ូលីសក៏កំពុងរកមើលថា កូនស្រីរបស់គាត់អាចជាអ្នកសមគំនិតក្នុងការប៉ុនប៉ងរត់គេចខ្លួន ប៉ុន្តែក៏បរាជ័យទៅវិញ ឬយ៉ាងណា។ រដ្ឋលេខាធិការរដ្ឋបាលពន្ធនាគារនៃទីក្រុងរីយ៉ូ បានចេញផ្សាយរូបថត ដែលបង្ហាញ Clauvino da Silva នៅក្នុងរបាំងមុខស៊ីលីកូន និងពាក់សក់វែង ស្លៀកខោខូវប៊យ និងអាវពណ៌ផ្កាឈូក ដែលមានរូបតុក្កតានំដូណាត់។
អាជ្ញាធរនិយាយថា Clauvino da Silva គឺមេដឹកនាំរបស់បញ្ជាការក្រហម ដែលជាក្រុមឧក្រិដ្ឋជនដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេសប្រេស៊ីល ដែលគ្រប់គ្រងការជួញដូរគ្រឿងញៀននៅធំៗនៅទីក្រុងរីយ៉ូ។ ក្រុមមន្រ្តីបាននិយាយថា បន្ទាប់ពីការរត់គេចខ្លួនមិនបានជោគជ័យ Silva ត្រូវបានផ្ទេរទៅគុកមួយទៀត ដែលជាគុកមានការយាមតឹងតឹងរ៉ឹង ហើយគាត់នឹងត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មខាងវិន័យបន្ថែមទៀត៕

អត្ថបទ៖ លីដា