អ្នកវិទ្យាសាស្ត្រអាមេរិក និងកូរ៉េ រួមដៃគ្នាបង្កើតឧបករណ៍គ្រប់គ្រងប្រព័ន្ធសរសៃប្រសាទ បញ្ជាចេញពីស្មាតហ្វូនបានយ៉ាងជោគជ័យ
យោងតាមសារព័ត៌មានស៉ីនហួរបានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ បានរួមដៃគ្នាបានបង្កើតឧបករណ៍មួយ ដែលអាចគ្រប់គ្រងប្រព័ន្ធសរសៃប្រសាទ ជាមួយនឹងការផ្សាំខួរក្បាលតូចមួយដែលបញ្ជាដោយស្មាតហ្វូន។ បើតាមការចេញផ្សាយរបស់ទិនានុប្បវត្តិ Nature Biomedical Engineering បានឱ្យដឹងថា ឧបករណ៍នេះនឹងអាចបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្ហាញពីជំងឺខួរក្បាលដូចជា៖ ជំងឺផាកឃីនសុន អាល់ហ្សៃមឺរ ជំងឺធ្លាក់ទឹកចិត្ត និងឈឺចាប់។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវ៉ាស៊ីនតោន និងវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជឿនលឿនកូរ៉េ បានតំឡើងឧបករណ៍បញ្ជាប្រព័ន្ធសរសៃប្រសាទនេះ ដោយមានដាក់ជាមួយនឹងឱសថម៉្យាង ដែលអនុញ្ញាតឱ្យអ្នកជំនាញខាងសរសៃប្រសាទអាចសិក្សាលើសៀគ្វីខួរក្បាល ក្នុងរយៈពេលជាច្រើនខែ ដោយមិនបារម្ភអំពីការអស់ថ្នាំ។ កាលពីមុនក៏ធ្លាប់មានការសិក្សាស្រដៀងនេះដែរ ប៉ុន្តែពួកគេពួកមិនអាចរៀបចំត្រួតពិនិត្យ ដោយសារឧបករណ៍ឆាប់អស់ជាតិថ្នាំពេក ដែលធ្វើឱ្យមានភាពសំពីងសំពោង និងស្មុគស្មាញ។
ចំពោះឧបករណ៍នេះវិញ អ្នកជំនាញបានបញ្ជាវាដោយការតភ្ជាប់ស្មាតហ្វូន ជាមួយនឹងប៊្លូធូស ហើយឧបករណ៍សរសៃប្រសាទឥតខ្សែនេះ អ្នកជំនាញខាងសរសៃប្រសាទអាចធ្វើឱ្យមានការរួមបញ្ចូលជាក់លាក់ ឬការបញ្ជូនពន្លឺ និងដាក់ថ្នាំយ៉ាងជាក់លាក់ណាមួយទៅក្នុងសត្វ ដោយមិនចាំបាច់ប៉ះផ្ទាល់នឹងដៃ៕





អត្ថបទ៖ លីដា