សុំចិត្តអ្នកចោលសំរាម! អាជ្ញាធរប្រើគ្រឿងចក្រ កាយយកសំរាមរាប់តោនចេញពីក្នុងអូរ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបណ្ដាលឱ្យអូរស្ទះបិទផ្លូវទឹក
ខេត្តព្រះសីហនុ ៖ នៅថ្ងៃនេះមន្ត្រីសាលាក្រុងនិងផ្នែកពាក់ពន្ធ័ បានប្រើគ្រឿងចក្រ ចុះស្ដារកាយយកសំរាមកកស្ទះក្នុងអូរ នៅភូមិ៤ សង្កាត់លេខ៤ បន្ទាប់ពីមានភ្លៀងធ្លាក់ សំរាមរាប់តោនបានហូរតាមអូរបិទផ្លូវទឹក។ សំរាមដែលបានអណ្ដែតលើផ្ទៃទឹកដែលយើងបានឃើញដោយសារការកកស្ទះនៃលំហូរទឹក។ ការកកស្ទះលំហូរដោយសារកាកសំណល់សំរាម ថង់ប្លាស្ទិកដែលបងប្អូនយើងមួយចំនួនបានបោះចោលផ្តេសផ្តាស ហើយលទ្ធផល ចុងក្រោយគឺស្ទះលូ ស្ទះលំហូរទឹក ធ្វើឱ្យទឹកជន់។
ករណីជំនន់ទឹកភ្លៀងជន់លិចពេលមានភ្លៀងខ្លាំងបែបនេះ មិនមែនជាលើកទី១ទេនៅក្រុងព្រះសីហនុ ដោយសារតែទំហំអូរឬប្រឡាយរំដោះទឹកនានាបានរួមតូច តាមរយៈការសាងសង់ផ្ទះឬសំណង់ផ្សេងៗលើដីចំណីអូរ មិនមានច្បាប់អនុញ្ញាត ហើយមានសំណង់ខ្លះទៀតសាងសង់គ្មានប្រពន្ធ័លូក្រោមដីដោយចាក់ដីលុបបិទផ្លូវទឹកហូរក្នុងនោះក៏មានសំរាមរសាត់អណ្តែតបិទមាត់លូខ្លះថែមទៀតផង ទើបធ្វើអោយចរន្តទឹកហូរមិនទាន់ នាំអោយមានការជន់លិច ។ គួររំលឹកថាយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមចាប់ពីថ្ងៃទី៤សីហាដល់ថ្ងៃ១០សីហា២០១៩ ខេត្តតំបន់ឆ្នេរមានខេត្តព្រះសីហនុជាដើម មានភ្លៀងធ្លាក់ច្រើន ដោយសាររងឥទ្ធិពលព្យុះពីប្រទេសក្បែរខាងក្នុងតំបន់៕





ប្រភព ៖ លោក ហ៊ុយ ប៊ុនឡេង