Maddox Jolie-Pitt ចូលរៀនសាកលវិទ្យាល័យ Yonsei ជាសាលាដែលមានកិត្យានុភាពបំផុតរបស់កូរ៉េខាងត្បូង
យោងតាម The People បានឱ្យដឹងថា កូនប្រុស ទី១ របស់អ្នកស្រី Angelina Jolie នឹងត្រូវទទួលការសិក្សានៅថ្នាក់សាកលវិទ្យាល័យឆាប់ៗនេះ។ ប្រភពព័ត៌មានបាននិយាយថា Maddox Jolie-Pitt ដែលជាឈាមជ័រកូនខ្មែរ និងទើបតែមានអាយុ ១៨ឆ្នាំ ម្នាក់នេះនឹងចាប់ផ្តើមចូលរៀននៅឯសាកលវិទ្យាល័យ Yonsei ដែលជាសាកលវិទ្យាល័យឯកជន មានកិត្យានុភាពបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ដោយគាត់នឹងមកសិក្សាមុខវិទ្យា «ជីវគីមីវិទ្យា» ។ ប្រភពដដែលបាននិយាយថា មានសាកលវិទ្យាល័យជាច្រើនផ្សេងទៀតព្រមទទួលយកគាត់ដែរ ប៉ុន្តែជម្រើសរបស់គាត់គឺ Yonsei។

គាត់ក៏បានរៀនភាសាកូរ៉េជាច្រើនម៉ោងរៀងរាល់សប្ដាហ៍ ដើម្បីតៀមខ្លួនចូលរៀនសាកលទៀតផង។ ថ្នាក់រៀនរបស់ Maddox នឹងត្រូវចាប់ផ្ដើមនៅខែនេះ ហើយម្ដាយរបស់គាត់ អ្នកស្រី Angelina Jolie ក៏នឹងធ្វើដំណើរមកលេងគាត់ ដើម្បីមកមើល Maddox ចូលរៀនថ្ងៃដំបូងផងដែរ។ ប្រភពបានបន្ថែមទៀតថា ខណៈពេលដែល Maddox នឹងឃ្លាតឆ្ងាយពីគ្រួសារដែលនៅអាមេរិក ប៉ុន្តែចម្ងាយពីសាលាថ្មីរបស់គាត់ជាមួយនឹងស្រុកខ្មែរដែលជាស្រុកកំណើតរបស់គាត់ គឺមិនឆ្ងាយប៉ុន្មាននោះទេ។ សង្ឃឹមថាប្អូនៗរបស់គាត់នឹងមកលេងឆាប់ៗដូចគ្នា ព្រោះពួកគេពិតជាស្និទ្ធស្នាលនឹងគ្នាណាស់ ចំណែកអ្នកស្រី Angelina វិញ គាត់ពិតជាមានមោទកភាពចំពោះ Maddox ខ្លាំងណាស់៕


អត្ថបទ៖ លីដា