ជប៉ុនប្រារព្ធខួបលើកទី៧៤ នៃការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា
ទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ប្រទេសជប៉ុន កំពុងប្រារព្ធខួបលើក ទី៧៤ នៃការទម្លាក់គ្រាប់បែកបរមាណូលើកទី ១ ដោយសហរដ្ឋអាមរិក។ ពិធីនេះនឹងចាប់ផ្តើមនៅម៉ោង ៨ព្រឹកថ្ងៃអង្គារនេះ នៅឯឧទ្យាននៃការចងចាំដល់សន្តិភាព។ នាយករដ្ឋមន្រ្តីលោក Shinzo Abe នឹងចូលរួមក្នុងកម្មវិធី ជាមួយនឹងតំណាងមកពី ៩២ប្រទេស ដែលនឹងចូលរួមផងដែរ។

ក្នុងនោះផងដែរបញ្ជីជនរងគ្រោះចំនួន ៣១៩,១៨៦នាក់ នៃការទម្លាក់គ្រាប់បែក និងជនរងគ្រោះដែបានស្លាប់ក្នុងរយៈពេល ១២ខែមកនេះ ក៏នឹងត្រូវដាក់បញ្ចូលទៅក្នុងផ្នូរឧទ្ទិសផងដែរ។ អ្នកចូលរួមនឹងធ្វើការអធិស្ឋានដោយស្ងៀមស្ងាត់នៅម៉ោង ៨ និង ១៥នាទីព្រឹក ដែលវាជាពេលវេលាដែលគ្រាប់បែកបរមាណូត្រូវបានទម្លាក់ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ ។
ព្រឹត្តិការណ៍នេះកើតឡើងចំពេលដែលភាពមិនប្រាកដប្រជាកាន់តែកើនឡើង ជុំវិញការរំពឹងទុកសម្រាប់ការសម្រេចបាននូវ «ពិភពលោកគ្មាននុយក្លេអ៊ែរ»។ ជាក់ស្ដែងដូចជាសន្ធិសញ្ញាត្រួតពិនិត្យអាវុធនុយក្លេអ៊ែរ ដែលបានចុះហត្ថលេខាកាលពី ៣ទសវត្សរ៍ មុនរវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតក៏បានដកទៅវិញកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ដែលសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យមឬ INF នេះ គឺជាសសរដ៏សំខាន់នៃការរំសាយអាវុធនុយក្លេអ៊ែរ។
គួររំលឹកដែរថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ បានសម្លាប់មនុស្សជាង ១៤០,០០០នាក់។ ហើយ ៣ថ្ងៃ ក្រោយមក គ្រាប់បែកមួយទៀតក៏ត្រូវទម្លាក់នៅណាហ្គាសាគី និងបានសម្លាប់មនុស្ស ៧០,០០០នាក់ បន្ថែមទៀត មុននឹងជប៉ុនទទួលចុះចាញ់ ហើយសង្គ្រាមលោកលើក ទី២ ក៏បញ្ចប់នៅពេលនោះ៕


អត្ថបទ៖ លីដា