ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសហប្រជាជាតិនិយាយថា យោធាភូមាកាន់កាប់ក្រុមហ៊ុនធំៗ និងបានផ្ដល់មូលនិធិជាច្រើន ដើម្បីប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា

    BY autoadmin August 7, 2019
    អង្គការសហប្រជាជាតិនិយាយថា យោធាភូមាកាន់កាប់ក្រុមហ៊ុនធំៗ និងបានផ្ដល់មូលនិធិជាច្រើន ដើម្បីប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា

    អង្គការសហប្រជាជាតិ (UN) កំពុងអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខដាក់ទណ្ឌកម្ម ដែលផ្តោតលើក្រុមហ៊ុនដែលគ្រប់គ្រងដោយកងទ័ពមីយ៉ាន់ម៉ា។ ពួកគេបាននិយាយថា យោធាប្រើប្រាស់ប្រាក់ចំណូលដើម្បីអនុវត្ត “ការរំលោភសិទ្ធិមនុស្សយ៉ាងទូលំទូលាយ និងមានលក្ខណៈជាប្រព័ន្ធ”។ របាយការណ៍ថ្មីមួយពីបេសកកម្មស្វែងរកការពិតរបស់ UN ស្តីពីមីយ៉ាន់ម៉ា ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទបង្ហាញថា ក្រុមហ៊ុនធំៗចំនួន ២ មានទំនាក់ទំនងជាមួយមេដឹកនាំយោធាជាន់ខ្ពស់។ UN និយាយថា ពួកយោធាទាំងនោះមានអាជីវកម្មស្ទើរតែគ្រប់វិស័យរួមមាន៖ សំណង់ ទេសចរណ៍ និងធនាគារ។

    របាយការណ៍ក៏បាននិយាយផងដែរថា យ៉ាងហោចណាស់មានក្រុមហ៊ុនបរទេសចំនួន ១៥ បានចូលរួមវិនិយោគជាមួយយោធា ហើយក្រុមហ៊ុនចំនួន ៤៤ ទៀតមានទំនាក់ទំនងជាមួយអាជីវកម្ម ដែលទាក់ទងនឹងយោធារបស់ប្រទេសនេះ។ ក្រសួងការបរទេសមីយ៉ាន់ម៉ាកំពុងបដិសេធរបាយការណ៍នេះដោយនិយាយថា របាយការណ៍នេះមានគោលបំណងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មីយ៉ាន់ម៉ា និងប្រជាជនរបស់ខ្លួន។

    ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានស្ថិតនៅក្រោមការចាប់អារម្មណ៍ចាប់តាំងពីអំពើហិង្សាបានផ្ទុះឡើងក្នុង ឆ្នាំ២០១៧ ហើយប្រជាជនម៉ូស្លីមរ៉ូហ៊ីងយ៉ាជាង ៧៤ម៉ឺននាក់ បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។ អង្គការសហប្រជាជាតិបាននិយាយថា យោធាមីយ៉ាន់ម៉ាបានអនុវត្តការបង្ក្រាបមួយ “ដោយមានចេតនាប្រល័យពូជសាសន៍” ប៉ុន្តែខាងមេដឹកនាំយោធាបានបដិសេធការចោទប្រកាន់នេះ៕

    អត្ថបទ៖ លីដា

    Share This Post: