បាញ់បោះញឹកញាប់ខ្លាំងពេក ដល់ថ្នាក់គ្រាន់តែឮស្រដៀងការផ្ទុះអាវុធ ផ្អើលរត់ចែកជើងគ្នានៅតំបន់ Time Square ទីក្រុង New York
អ្នកទេសចរនៅឯតំបន់ Times Square របស់ទីក្រុងញូវយ៉ក (New York) បានរត់ប្រាស់អាយុចែកជើងគ្នា បន្ទាប់ពីពួកគេបានឮសំឡេងលាន់យ៉ាងខ្លាំង ដែលពួកគេគិតថា វាជាសំឡេងកាំភ្លើង។ នៅក្នុងវីដេអូបានបង្ហាញពីហ្វូងមនុស្សនៅក្នុងទីក្រុងដ៏មមាញឹក បានរត់ចេញពីរោងកុន និងទីកន្លែងលក់ទំនិញ កាលពីយប់មិញនេះ។ ប៉ុន្តែអ្វីដែលពួកគេគិតថា ជាការបាញ់កាំភ្លើង ការពិតទៅជាសំឡេងម៉ាស៉ីនម៉ូតូដែលជិះកាត់ទីនោះប៉ុណ្ណោះ។

យ៉ាងណាក៏ដោយប៉ូលីសបានបញ្ជាក់ថា វាជាការជូនដំណឹងមិនពិតមួយនៅលើបណ្តាញសង្គម Twitter ប៉ុណ្ណោះ។ គួរឱ្យដឹងដែរថា កាលពីចុងសប្តាហ៍នៅទីក្រុងព្រំដែនអេលប៉ាសូ រដ្ឋតិចសាស មានការបាញ់ប្រហារនៅផ្សារទំនើប Walmart ។ ប៉ុន្មានម៉ោងក្រោយមកនៅដេថុន រដ្ឋអូហៃអូ ក៏មានការបាញ់ប្រហារមួយទៀត ទៅលើកន្លែងកម្សាន្ដរាត្រីដ៏ពេញនិយម។ ហើយករណីទាំង ២លើក បានសម្លាប់មនុស្សសរុបចំនួន ៣១នាក់ និងរាប់សិបអ្នករងរបួស ដូច្នេះហើយទើបមនុស្សនៅក្នុងសហរដ្ឋអាមេរិកមានការភ័យតក់ស្លុតបែបនេះ៕


អត្ថបទ៖ លីដា