មន្ត្រីសាខាកាំកុងត្រូល រកឃើញងៀតបបែល ចំនួន៥គីឡូក្រាម មានផ្ទុកសារធាតុគីមីបូរ៉ាក ដែលដាក់លក់នៅផ្សារជីភូ ក្រុងបាវិត
(ខេត្តស្វាយរៀង)៖ នៅថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយទទួលបានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ផលិតផលម្ហូបអាហារ នៅផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។
ក្នុងនោះក៏មានការតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ ណែម ប្រហិតត្រី បាញ់កាញ សរសៃគុយទាវ ងៀតបបែល ជ្រក់សណ្តែកបណ្តុះ ជ្រក់ត្រសក់ ជ្រក់ស្ពៃ ជ្រក់ឆាយថៅ បង្កង មឹក ឡុងកុង ប៉ោម ទំពាំងបាយជូ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញភាពមិនប្រក្រតីនៅក្នុងគំរូងៀតបបែល ចំនួន ០៥គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក (Borax)។ មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ មករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕









ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល