ភ្នំភ្លើង Asama នៅប្រទេសជប៉ុនបានផ្ទុះឡើង និងមានផ្សែងហុយទៅលើកម្ពស់ ១,៨០០ម៉ែត្រ ជាសំណាងមិនមានអ្នករងរបួស
ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ភ្នំ Asama ដែលស្ថិតនៅជាប់ព្រំដែន រវាងតំបន់ Gunma និង Nagano បានផ្ទុះឡើងកាលពីល្ងាចថ្ងៃពុធ ហើយពួកគេបានចេញការព្រមានមិនឱ្យចូលទៅជិតតំបន់ភ្នំភ្លើង។ ទីភ្នាក់ងារនេះក៏បានចេញការព្រមានកម្រិត ៣ លើមាត្រដ្ឋាន ៥ បន្ទាប់ពីការផ្ទុះកើតឡើង នៅម៉ោង ១០ និង ៨នាទី និងជាលើកដំបូងបំផុតចាប់តាំងពី ឆ្នាំ២០១៥ មក។ មិនទាន់មានរបាយការណ៍បន្ទាន់ណាមួយ បានប្រកាសអំពីការខូចខាតនៅក្នុងតំបន់ជុំវិញនៅឡើយទេ។

ការផ្ទុះនេះមានរយៈពេល ២០នាទី នៅក្បែររណ្ដៅភ្នំភ្លើងមួយទៀតដែលមានអង្កត់ផ្ចិត ២,៥៦៨ម៉ែត្រ ហើយទីភ្នាក់ងារក៏បានព្រមានមិនឱ្យចូលទៅជិតតំបន់នោះទេ ដោយសារវាអាចបង្កឱ្យមានហានិភ័យពីថ្មហោះ និងលំហូរ pyroclastic ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ គួរឱ្យដឹងផងដែរថា ភ្នំភ្លើង Asama ជាភ្នំភ្លើងសកម្ម ហើយវាមានកម្ពស់ ២,៦០០ម៉ែត្រ ហើយទីភ្នាក់ងារក៏បានណែនាំឱ្យនៅឆ្ងាយពីវាយ៉ាងហោចណាស់ឱ្យបាន ៤គីឡូម៉ែត្រ ផងដែរ។ ការផ្ទុះដ៏ធំបំផុតរបស់ភ្នំ Asama គឺនៅ ឆ្នាំ១៧៨៣ ដែលបណ្តាលឱ្យមានការបំផ្លាញរាលដាលយ៉ាងឆាប់រហ័ស និងបានសម្លាប់មនុស្សប្រហែល ១,៥០០នាក់៕

អត្ថបទ៖ លីដា