អស្ចារ្យមែនទែន! អ្នកវិទ្យាសាស្ត្រម្នាក់បានដុតនំប៉័ង ដែលធ្វើចេញពីមេដំបែជំនាន់អេហ្ស៊ីបបុរាណ ដែលមានអាយុកាល ៤,៥០០ឆ្នាំ
ក្រុមស្រាវជ្រាវមួយក្រុម ដែលមានទាំងអ្នកវិទ្យាសាស្រ្ត, អ្នកបូរាណវិទូអេហ្ស៊ីប និងអ្នកឌីហ្សាញវីដេអូលេងហ្គេម បានសហការគ្នាដើម្បីបង្ហាញអាថ៌កំបាំងធ្វើម្ហូបរបស់អេហ្ស៊ីបបុរាណឱ្យពិភពលោកបានដឹង ដោយពួកគេទាញយកមេដំបែ (yeast) ដែលមានអាយុកាល ៤,៥០០ឆ្នាំ ចេញពីផើងបុរាណរបស់មនុស្សបុរាណ ហើយប្រើវាដើម្បីដុតនំប៉័ង។ ហើយលទ្ធផលដែលពួកគេទទួលបាន គឺពិតជាធ្វើឱ្យអ្នកស្រាវជ្រាវទាំងនោះរំជួលចិត្តជាខ្លាំង។

ម្នាក់ក្នុងចំណោមក្រុមស្រាវជ្រាវនោះ គឺលោក Seamus Blackley ដែលជាអ្នកបង្កើត Xbox គាត់បានបង្ហោះការស្រាវជ្រាវនេះនៅលើបណ្ដាញ Twitter និងបានទទួលការចុចចូលចិត្ត និងចែកចាយបន្ដពីរាប់ម៉ឺនគណនី។ លោក Blackley បានចាប់ផ្ដើមយកមេដំបែនេះមកធ្វើជានំបុ័ងព្រោះគាត់គិតថា វាជាមីក្រូសរីរាង្គបុរាណដែលមនុស្សបុរាណប្រើប្រាស់ ឬសម្រាប់ធ្វើជាអាហារឱ្យស្ដេចផារ៉ាអុង។
គាត់បានសរសេរនៅលើបណ្តាញសង្គមថា មេដំបែនោះគឺស្រាល ហើយក្លិនក្រអូប និងរសជាតិរបស់វាគឺពិតជាមិនគួរឱ្យជឿ និងធ្វើឱ្យគាត់មានអារម្មណ៍រំជួលចិត្តជាខ្លាំង។ លោក Blackley ក៏កំពុងសង្ឃឹមថា គាត់នឹងអាចធ្វើសារជាថ្មីនូវបច្ចេកទេសដុតនំអេហ្ស៊ីបបុរាណ ដែលមានអាយុកាល ៥សម័យ ជាមួយនឹងមេដំបែនេះ។
នៅក្នុងការសិក្សានេះ លោក Blackley គាត់បានសហការជាមួយនឹងលោក Richard Bowman នៃសាកលវិទ្យាល័យអាយអូវ៉ា និងបូរាណវិទូអ្នកស្រី Serena Love នៃសាកលវិទ្យាល័យឃ្វីនឡែន។ ហើយមេដំបែដែលគាត់យកបានគឺប្រមូលចេញពីសារមន្ទីរវិចិត្រសិល្បៈបូស្តុន និងសារមន្ទីរបុរាណវិទ្យា និងជាតិពន្ធុវិទ្យា នៃសាកលវិទ្យាល័យហាវ៉ាដ រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក ហើយវាត្រូវបានគេជឿថា ទុកសម្រាប់ធ្វើបៀរ និងនំប៉័ង ក្នុងសម័យនោះ៕




អត្ថបទ៖ លីដា