ចំណុចអវិជ្ជមានមួយចំនួនជុំវិញការផលិតថ្នាំពេទ្យពីកញ្ជារបស់រដ្ឋាភិបាលថៃ
ថៃ៖ គម្រោងផលិតថ្នាំពេទ្យចម្រាញ់ចេញពីកញ្ឆារបស់រដ្ឋាភិបាលថៃបានចេញជាផ្លូវការបណ្ដើរៗហើយ ដោយរហូតមកទល់នឹងពេលនេះស្ថាប័នផលិតឱសថរបស់រដ្ឋាភិបាលអាចចម្រាញ់បានប្រេងកញ្ជាបានចំនួន ៤,៥០០ ដប និងបានចែកចាយទៅកាន់មន្ទីរពេទ្យចំនួន ១២ ផ្សេងគ្នារួចរាល់ហើយសម្រាប់ព្យាបាលជំងឺមហារីក។ ជាងនេះទៅទៀតនៅចុងខែនេះគេនឹងអាចផលិតបានប្រេងកញ្ជាប្រមាណជា ២,០០០ ដប បន្ថែមទៀតផងដែរ។ គួរម្លឹកជូនថា ដំណាំកញ្ជាត្រូវបានគេចាត់ទុកជាវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងញៀនខុសច្បាប់មួយប្រភេទ និងត្រូវបានចាត់ទុកជារបស់ខុសច្បាប់ដូចគ្នាទៅនឹងគ្រឿងញៀនប្រភេទផ្សេងទៀតផងដែរ។
យ៉ាងណាក្តី យោងតាមច្បាប់គ្រប់គ្រងគ្រឿងញៀនបានចែងថា កញ្ជាអាចត្រូវបានដាំដុះសម្រាប់ប្រើប្រាស់ក្នុងហេតុផលវេជ្ជសាស្រ្ត (សម្រាប់ផលិតថ្នាំពេទ្យ) បាន ប្រសិនបើរដ្ឋាភិបាលអនុញ្ញាត និងមានការធានាថា កញ្ជាទាំងនោះពិតជាប្រើប្រាស់សម្រាប់បម្រើឲ្យវិស័យវេជ្ជសាស្រ្តជាតិប្រាកដមែន។ ក្នុងហេតុផលនេះហើយទើបរដ្ឋាភិបាលថៃសម្រេចអនុញ្ញាតឲ្យមានការដាំដុះដំណាំកញ្ជាសម្រាប់ផលិតជាថ្នាំពេទ្យក្នុងប្រទេសខ្លួនដោយស្របច្បាប់។ បើទោះជារដ្ឋាភិបាលថៃបានសម្លឹងឃើញភាពវិជ្ជមានច្រើនជុំវិញការចម្រាញ់កញ្ជាជាថ្នាំពេទ្យក៏ដោយ តែក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនអន្តរជាតិ (INCB) បានបង្ហាញពីចំណុចអវិជ្ជមានមួយជុំវិញនិន្នាការនេះទៅវិញ។
យោងតាម INCB បានឲ្យដឹងថា ថៃនឹងបាត់បង់សិទ្ធនាំចូលថ្នាំពេទ្យមួយចំនួនពីបរទេស ប្រសិនបើថៃជ្រើសរើសយកដំណាំកញ្ជា ព្រោះតាមច្បាប់អន្តរជាតិថ្នាំប្រភេទល្បីៗមួយចំនួននឹងមិនត្រូវអនុញ្ញាតឲ្យមានវត្តមាននៅក្នុងប្រទេស ដែលប្រើប្រាស់កញ្ជាសម្រាប់ផលិតជាថ្នាំពេទ្យឡើយ។ ចុងក្រោយ INCB ក៏បានព្រមានផងដែរថា ប្រសិនបើថៃគ្រប់គ្រងលើដំណាំកញ្ជាមិនបានល្អនោះទេ វានឹងបង្កឲ្យបញ្ហាដល់ជនរងគ្រោះ មន្ទីរពេទ្យ និងវិស័យសុខាភិបាលថៃទាំងមូលផងដែរ៕

អត្ថបទ៖ ភក្តី