អាជ្ញាធរបញ្ជាក់ថា មន្ត្រីយោធា ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ មិនមែនដោយសារត្រឡប់មកពីជួយសង្គ្រោះជនរងគ្រោះជាប់នៅរូងភ្នំហុងទឹក នោះទេ
បាត់ដំបង ៖ បន្ទាប់ពីមានការចែករំលែកពេញបណ្តាញសង្គមថាមាន មន្ត្រីយោធាម្នាក់ ក្រោយចេញពីចូលរួមជួយសង្គ្រោះជនរងគ្រោះជាប់ក្នុងរូងថ្ម បានជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវស្លាប់។ ដើម្បីកុំឲ្យមានការយល់ច្រឡំ នៅមុននេះបន្តិច រដ្ឋបាលស្រុកភ្នំព្រឹក ក៏បានធ្វើការបំភ្លឺចំពោះករណីនេះជូនដល់សាធារណៈជនយ៉ាងដូច្នេះថា៖
“ករណីមន្ត្រីយោធា ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៩៖១០នាទី មិនមែនដោយសារ ត្រឡប់ពីមកជួយសង្គ្រោះជនរងគ្រោះដែលជាប់នៅដង្គៀបថ្មនៅរូងភ្នំហុងទឹក ភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នោះទេ ។ មន្រ្តីយោធារូបនេះគាត់បានត្រឡប់មកពីប្រចាំវេននៅកងពលតូចថ្មើរជើងលេខ៥៣ កំប្រង់ ស្រុកកំរៀង មកដល់ចំណុចកើតហេតុខាងលើ ស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក បានជួបគ្រោះថ្នាក់ចរាចរណ៍ បុកគ្នារវាងម៉ូតូ និងម៉ូតូបណ្តាលអោយមន្ត្រីយោធាម្នាក់នោះបានស្លាប់នៅនឹងកន្លែងកើតហេតុ និងសូមធ្វើការបដិសេដទាំងស្រុងនូវការបង្ហោះព័ត៌មានមិនពិតដូចខាងក្រោម។ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន”៕