កសិករម៉ាឡេស៊ីម្នាក់អាចរកប្រាក់បានជិត ១លានដុល្លារក្នុងមួយខែពីការលក់ទុរេន
កសិករម៉ាឡេស៊ីម្នាក់ត្រូវបានគេរាយការណ៍ថា អាចរកប្រាក់បានជិត ១ លានដុល្លារអាមេរិកពីការលក់ទុរ៉េនក្នុងមួយខែៗ។ កសិកររូបនេះមានឈ្មោះថា Chin Ken Soon អាយុ ៣៨ ឆ្នាំ ជាម្ចាស់ចំកាទុរេនដែលមានផ្ទៃដី ៨០ ហិចតា ស្ថិតនៅក្នុងរដ្ឋ Pahang ប្រទេសម៉ាឡេស៊ី។ តាមរបាយការណ៍ប្រាក់ចំណូលរបស់គាត់កាលពីខែមុនបានបង្ហាញថា គាត់អាចទទួលបានប្រាក់ចំណូល ១,៩១ លានដុល្លារអាមេរិកពីការនាំយកផ្លែឈើដូចជា ទុរេន ស្ពឺ មង្ឃុត ឪឡឹក និងល្ហុងទៅលក់ក្នុងប្រទេសចិន អារ៉ាប៊ីសាអូឌីត និងបណ្តាប្រទេសមួយចំនួននៅតំបន់អឺរ៉ុប។

ក្នុងចំណោមប្រាក់ចំណូលទាំងអស់នោះគឺ ប្រាក់ចំនួន ៩៥០ ០០០ ដុល្លារអាមេរិក បានមកពីការលក់ផ្លែទុរ៉េន។ សូមបញ្ជាក់ជូនថា កសិកររូបនេះមានមានដំណាំផ្ទាល់ខ្លួនរបស់គាត់សម្រាប់លក់ខ្លះផង និងបានទិញបន្ថែមពីគេខ្លះផងដើម្បីយកទៅលក់បន្ត។ គាត់បានបញ្ជាក់ថាក្នុងរដូវទុរេននេះ គាត់អាចរកប្រាក់បានជិត ១ លានដុល្លារក្នុងមួយខែៗ ហើយវាជាប្រាក់ចំណូលច្រើនបំផុតដែលគាត់មិនធ្លាប់ទទួលបានពីមុនមកនោះទេ៕

អត្ថបទ៖ភក្តី