ករណីលិចលង់នៅក្រុងព្រះសីហុនកាលពីយប់មិញ មានជនជាតិចិនម្នាក់បានស្លាប់ និងជនជាតិខ្មែរម្នាក់បាត់ខ្លួន
ខេត្តព្រះសីហនុ-(ដំណឹងបន្ថែម) ករណីជំនន់ទឹកភ្លៀងដ៍អាក្រក់នៅខេត្តព្រះសីហនុកាលពីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចអោយដឹងជាបឋមថា នៅឃុំបិតត្រាំង ស្រុកព្រៃនប់ មានបុរសជនជាតិចិនម្នាក់បានស្លាប់ ដោយសាររលំរបងសង្កត់លើ និងមានសេចក្តីរាយការណ៍ថាជនជាតិខ្មែរម្នាក់ទៀតនៅបាត់ខ្លួន ដោយគ្រោះជំនន់ទឹកភ្លៀងដ៍អាក្រក់នេះ។ រហូតមកដល់ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចកំពុងបន្តស្វះស្វែងស្រាវជ្រាវរកជនជាតិខ្មែរ ដែលគេរាយការណ៍ថាបាត់ខ្លួននោះ ថាពិតជាបានរងគ្រោះជាប់នៅកន្លែងណាឬក៍មានសុវត្ថិភាពនៅឡើយ។ ចំពោះស្ថានភាពទូទៅវិញ គិតត្រឹមម៉ោង១០កន្លះព្រឹកថ្ងៃទី៩ ខែសីហានេះ ភ្លៀងនៅតែបន្តធ្លាក់ គ្រាន់តែមិនខ្លាំងដូចកាលពីយប់មិញ។
ករណីជំនន់ទឹកភ្លៀងដ៍អាក្រក់នេះ បានធ្វើអោយលំនៅដ្ឋានពលរដ្ឋខ្លះដូចជាតំបន់ស្ពានអូរ១ជាដើម ទឹកឡើងតាមអូរលិចផ្ទះពលរដ្ឋខ្លះដល់ជាង១ម៉ែត្រក៍មានដែរ ហើយហេដ្ឋារចនាសម្ពន្ធ័មួយចំនួនមានផ្លូវសាធារណៈជាដើមបានរងការខូចខាតធ្ងន់ធ្ងរ។ សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីចុះពិនិត្យនិងដោះស្រាយកិច្ចការបន្ទាន់ចំពោះមុខ ជូនពលរដ្ឋក្នុងហេតុការណ៍គ្រោះធម្មជាតិនេះផងដែរ៕


ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង






