សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខ និងជូនថវិកា២០លានរៀល ដល់គ្រួសារនៃសព២នាក់ប្តីប្រពន្ធជាកម្មករសំណង់ ដែលបានស្លាប់ដោយសាររលំបាក់របងសង្កត់លើ
ខេត្តព្រះសីហនុ ៖ ក្រោយពីទទួលដំណឹង ករណីបាក់របងសង្កត់ស្លាប់ប្តីប្រពន្ធ ធ្វេីការសំណង់នៅក្រុងព្រះសីហនុ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ បាននាំយកថវិកាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន២០លានរៀល ជូនគ្រួសារសពតាមរយៈប្រធានមន្ទីរពេទ្យ ដែលសពជនរងគ្រោះទាំង២ រក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត។
ជាមួយគ្នានេះ ឯកឧត្តម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ បានចេញសោហ៊ុយទាំងអស់ក្នុងការដឹកសាកសពយកទៅផ្ទះនៅខេត្តកំពង់ចាមដើម្បីធ្វើបុណ្យតាមប្រពៃណី។ គួររំលឹកថាកាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ពីរនាក់ប្ដីប្រពន្ធធ្វេីការជាកម្មករសំណង់បានស្លាប់ដោយសាររលំបាក់របងសង្កត់លើ បុរសជាប្តីឈ្មោះ ស៊ុន គឹមសាន្ត អាយុ៥៤ឆ្នាំនិងស្ត្រីជា ប្រពន្ធឈ្មោះ សេង ញេន អាយុ៥៦ឆ្នាំ មានស្រុកកំណើតនៅកំពង់ចាម៕





ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង