ឥណ្ឌូណេស៉ីត្រៀមនឹងចេញទិន្នន័យច្បាស់ការណ៍ ស្តីពីការធ្លាក់យន្តហោះក្រុមហ៊ុន Lion Air នៅខែតុលា
ឥណ្ឌូណេស៉ី៖ មន្រ្តីទីភ្នាក់ងារសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសបាននិយាយថា របាយការណ៍ចុងក្រោយស្តីពីការធ្លាក់យន្តហោះក្រុមហ៊ុន Lion Air របស់ឥណ្ឌូនេស៊ី ទំនងជានឹងត្រូវបានចេញផ្សាយនៅខែតុលានេះ។ គួររំលឹកដែរថា យន្ដហោះ Boeing ម៉ូដែល 737 MAX បានបាត់ខ្លួនពីរ៉ាដាប្រហែល ១៣នាទី បន្ទាប់ពីហោះចេញពីទីក្រុងហ្សាការតាកាលពីខែតុលាឆ្នាំមុន។ វាបានធ្លាក់ហោះសមុទ្រជ្វាភ្លាមៗ បន្ទាប់ពីអ្នកបើកយន្តហោះបានស្នើសុំត្រឡប់មករដ្ឋធានីវិញ ប៉ុន្តែមិនសំណាង ហើយវាក៏បានបណ្ដាលឱ្យអ្នកដំណើរទាំង ១៨៩នាក់ ស្លាប់បាត់បង់ជីវិត។

ប៉ុន្មានខែក្រោយមកក្រុមហ៊ុនអាកាសចរណ៍អេត្យូពី ក៏បានជួបឧបទ្ទវហេតុធ្លាក់យន្តហោះដូចគ្នា ហើយវាក៏ជាម៉ូដែលដូចគ្នាជាមួយនឹង Lion Air ផងដែរ។ វាបានសម្លាប់មនុស្សទាំងអស់ ១៥៧នាក់ នៅលើយន្ដហោះ ហើយតាំងពីពេលនោះមកយន្តហោះម៉ូដែល 737 MAX ត្រូវបានគេចតចោលផ្អាកមិនឱ្យហោះហើរតទៅទៀតរហូតដល់សព្វថ្ងៃ។
លោក Nurcahyo Utomo អ្នកស៊ើបអង្កេតនាំមុខនៃគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិស្តីពីការធ្លាក់យន្តហោះ Lion Air បាននិយាយកាលពីថ្ងៃសុក្រថា ទីភ្នាក់ងារនេះកំពុងរង់ចាំទិន្នន័យពីក្រុមហ៊ុន Boeing ។ លោកបានប្រាប់ AFP ថា៖ «នៅពេលយើងទទួលបានទិន្នន័យនោះ វានឹងចូលទៅក្នុងសេចក្តីព្រាងនៃរបាយការណ៍ចុងក្រោយដែលយើងនឹងបញ្ជូនទៅឱ្យភាគីពាក់ព័ន្ធរួមមានក្រុមហ៊ុន Boeing ក្រុមហ៊ុនអាកាសចរណ៍ Lion Air និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិកដើម្បីសុំយោបល់»៕



អត្ថបទ៖ លីដា