តើជនអនាមិកលួចចាយប្រាក់ពីគណនីហ្វេសប៊ុកជនរងគ្រោះដោយរបៀបណា?
ថ្មីៗនេះ ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា អគ្គលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានលើកយកបច្ចេកទេសដែលប្រើប្រាស់ដោយជនអនាមិក ក្នុងការលួចចាយប្រាក់ពីគណនី Facebook ជនរងគ្រោះ មកធ្វើការចែកជូនជាបទពិសោធន៍ដល់សាធារណជន។ ជាថ្មីម្តងទៀត ក្រុមការងារសូមក្រើនរំលឹកដល់បងប្អូន ពិសេសអ្នកធ្វើអាជីវកម្ម ឬផ្សាយពាណិជ្ជកម្មអនឡាញ ដែលបានភ្ជាប់គណនី Facebook និងគណនីធនាគារក្នុងគោលបំណង Boost ទំព័រផេក Facebook ឬអត្ថបទនានា សូមមេត្តាជ្រាបថា៖
– នាពេលកន្លងមក មានជនអនាមិកក្រៅប្រទេសមួយក្រុម បានផ្តោតគោលដៅវាយប្រហារមកលើគណនី Facebook របស់ពលរដ្ឋកម្ពុជា ដោយប្រើប្រាស់មធ្យោបាយ និងបច្ចេកទេសផ្សេងៗ។ ជាលទ្ធផលមានគណនី Facebook មួយចំនួនធំត្រូវបានពួកជនអនាមិកទាំងនោះគ្រប់គ្រង។
– បន្ទាប់ពីគ្រប់គ្រងគណនី Facebook ពួកជនអនាមិកបានលួចប្រើប្រាស់ប្រាក់ក្នុងគណនីធនាគារដែលបានភ្ជាប់ដោយជនរងគ្រោះ និងបានធ្វើការ Boost ទំព័រផេក Facebook របស់ពួកគេនៅក្រៅប្រទេស។ មានករណីមួយចំនួន ជនអនាមិកទាំងនោះ ក៏បានប្រើប្រាស់មធ្យោបាយ Boost ដោយប្រើប្រាស់ business.facebook.com ដើម្បីលាក់បាំងពីជនរងគ្រោះផងដែរ។
– ទោះបីជាមានការជួយសង្គ្រោះទាញយកគណនី Facebook ត្រឡប់មកវិញ ក៏ចំនួនទឹកប្រាក់មួយចំនួន ត្រូវបានបាត់បង់ពីគណនីធនាគាររបស់ជនរងគ្រោះផងដែរ។
ដូច្នេះសូមពលរដ្ឋដែលកំពុងប្រើប្រាស់គណនី Facebook ដូចដែលបានរៀបរាប់ខាងលើ មេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងធ្វើការការពារគណនី Facebook របស់ខ្លួន ដោយអនុវត្តវិធីសាស្ត្រដែលក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា ធ្លាប់បានចែកជូនក្នុងអត្ថបទដែលមានតំណរភ្ជាប់ នាយកដ្ឋានព័ត៌មានវិទ្យា ៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា