កូរ៉េខាងត្បូងសម្រេចដកជប៉ុនចេញពី «បញ្ជីស» ដែលជាបញ្ជីអនុគ្រោះការនាំចេញ ហើយនឹងចូលជាធរមានក្នុងខែកញ្ញានេះ
ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃច័ន្ទនេះថា ខ្លួនបានសម្រេចចិត្តដកប្រទេសជប៉ុនចេញពីបញ្ជីប្រទេសដែលទទួលបានការអនុគ្រោះផ្នែកពាណិជ្ជកម្ម នៅក្នុងអ្វីដែលត្រូវបានគេមើលឃើញថា ជាវិធានការណ៍តបតចំពោះការសម្រេចចិត្តថ្មីៗនេះរបស់ទីក្រុងតូក្យូ ក្នុងការបន្ទាបឋានៈពាណិជ្ជកម្មរបស់ទីក្រុងសេអ៊ូលចំពេលមានជម្លោះការទូត។ វាមិនទាន់ច្បាស់ទេថា តើការរឹតបន្តឹងការនាំចេញរបស់កូរ៉េខាងត្បូងនឹងប៉ះពាល់ដល់ពាណិជ្ជកម្មទ្វេភាគីយ៉ាងដូចម្តេចខ្លះ។

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងលោក Sung Yun-mo បាននិយាយថា រដ្ឋាភិបាលបានសម្រេចចិត្តដកប្រទេសជប៉ុនចេញពី «បញ្ជីពណ៌ស» ដែលជាបញ្ជីមានសមាជិកចំនួន ២៩ប្រទេស ដោយសារតែជប៉ុនមិនបានគោរពតាមគោលការណ៍អន្តរជាតិ។ លោក Sung និងមន្ត្រីកូរ៉េខាងត្បូងផ្សេងទៀតមិនបានបញ្ជាក់ថា វាជាបញ្ហារបស់ជប៉ុនក្នុងការគ្រប់គ្រងការនាំចេញនោះទេ។ ប៉ុន្តែពួកគេនិយាយថា ទីក្រុងសេអ៊ូលនឹងធ្វើការដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់អ្នកនាំចេញកូរ៉េខាងត្បូង និងពាណិជ្ជកម្មទ្វេភាគី។
លោកបាននិយាយថា ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថា នឹងចូលជាធរមានក្នុងខែកញ្ញា បន្ទាប់ពីរយៈពេល ២០ថ្ងៃ សម្រាប់ការប្រមូលមតិសាធារណៈលើបញ្ហា និងការត្រួតពិនិត្យបទប្បញ្ញត្តិ និងច្បាប់បន្ថែមទៀត។ លោកបានបន្ថែមថា ទីក្រុងសេអ៊ូលមានឆន្ទៈក្នុងការទទួលយកសំណើណាមួយរបស់ទីក្រុងតូក្យូ ដើម្បីពិគ្រោះយោបល់លើបញ្ហាក្នុងអំឡុងពេលនៃការប្រមូលមតិរួមនេះ៕

អត្ថបទ៖ លីដា