អស់បារម្ភជាមួយនឹងបញ្ហាឡើងច្រាំងអណ្ដាត ដោយគ្រាន់តែអនុវត្តន៍តាមរូបមន្តឱសថធម្មជាតិដ៏មានប្រសិទ្ធភាពខ្ពស់ទាំងនេះ
ជាតិពុលក្នុងរាងកាយមិនមែនត្រូវបានបញ្ចេញមកក្រៅតាមតែរយៈទឹកនោម លាមក និងញើស ប៉ុណ្ណោះទេ ប៉ុន្តែក៏តាមអណ្ដាតផងដែរ។ អណ្ដាតប្រែជាឡើងពណ៌ស ដោយសារតែការមិនសម្អាតនូវជាតិពុលចេញបានត្រឹមត្រូវ។ ការកម្ចាត់នូវជាតិពុលចេញពីអណ្ដាតជាប្រចាំ គឺប្រៀបដូចនឹងការសម្អាត ឬបន្សាបជាតិពុលចេញពីរាងកាយដូច្នោះដែរ។ ម្យ៉ាងវិញទៀត ការលាងសម្អាតអណ្តាតក៏ជួយធ្វើឲ្យការទទួលបានរសជាតិកាន់តែមានភាពប្រសើរឡើង ខ្យល់ដង្ហើមប្រែជាស្រស់ថ្លា ហើយថែមទាំងទប់ស្កាត់បញ្ហានៃជម្ងឺអញ្ចាញធ្មេញ ប្រហោងធ្មេញ និងកំណកកំបោរជាប់ធ្មេញផងដែរ។ ខាងក្រោមជាគន្លឹះងាយៗតាមបែបធម្មជាតិដែលនឹងជួយអ្នកក្នុងការសម្អាត ក៏ដូចជាកម្ចាត់មេរោគចេញពីអណ្ដាត ៖
១. ខ្ទឹមស ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានខ្ទឹមសឆៅ។ បើទោះជាវានឹងបណ្ដាលឲ្យអ្នកមានក្លិនខ្យល់ដង្ហើមអាក្រក់ក៏ពិតមែន ប៉ុន្តែខ្ទឹមសមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ចោលនូវរាល់ពពួកបាក់តេរី ហើយថែមទាំងជួយលាងសម្អាតអណ្ដាតផងដែរ។

២. ប្រទាលកន្ទុយក្រពើ ៖ ប្រទាលកន្ទុយក្រពើមិនត្រឹមតែមានលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រសិទ្ធភាពជួយព្យាបាលផងដែរ។ ដើម្បីសំលាប់មេរោគនៅលើអណ្តាត និងអញ្ចាញធ្មេញ ចូរខ្ពុរមាត់ជាមួយនឹងទឹកប្រទាលកន្ទុយក្រពើចំនួន ១ ស្លាបព្រាបាយ សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមស្ដោះចេញ។ បន្ទាប់មកធ្វើការលាងសម្អាតមាត់របស់អ្នកជាមួយនឹងទឹកក្ដៅឧណ្ហៗ។ អ្នកអាចអនុវត្តន៍រូបមន្តនេះសារឡើងវិញបានជាច្រើនដងក្នុងមួយថ្ងៃ។

៣. អំបិល ៖ អំបិល គឺជាអ្នកជួយដ៏ល្អបំផុតមួយក្នុងការសម្អាតអណ្ដាត។ ភាគល្អិតនៃអំបិលនឹងកម្ចាត់ចោលនូវការចម្លងមេរោគ រួមទាំងកោសិកាដែលងាប់ៗចេញពីអណ្ដាត។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយអំបិលមួយចំនួនលើអណ្ដាត បន្ទាប់មកចាប់ផ្ដើមយកច្រាសដុសធ្មេញមកដុសពីលើថ្នមៗសម្រាប់រយៈពេល ១ នាទី សឹមលាងសម្អាតមាត់ចេញជាមួយនឹងទឹកធម្មតា។ អនុវត្តន៍ឲ្យបាន ២ ដងក្នុងមួយថ្ងៃ។

៤. រមៀត ៖ រមៀត គឺមិនមែនត្រឹមតែគ្រឿងទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱសថធម្មជាតិដ៏មានប្រសិទ្ធភាពបំផុតមួយសម្រាប់សម្អាតក្នុងមាត់ផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយរមៀតម៉ត់ ឬម្ស៉ៅរមៀតជាមួយនឹងទឹកក្រូចឆ្មារ។ កូរឲ្យសព្វរហូតក្លាយជាខាប់ៗ។ ដុសល្បាយនេះលើអណ្ដាតសម្រាប់រយៈពេល ២នាទី សឹមលាងសម្អាតមាត់ចេញជាមួយនឹងទឹកក្ដៅឧណ្ហ៕

អត្ថបទ ៖ Bee
ប្រភព ៖ Brightside