រូបភាពផ្កាយរណបចាប់បាន ចិនលាក់រថយន្តយោធារាប់រយគ្រឿង និងកងកម្លាំងជាច្រើននៅក្នុងពហុកីឡាដ្ឋាន ដើម្បីត្រៀមទុកបង្រ្កាបបាតុករហុងកុង
ចិន៖ ថ្មីៗនេះមានការលេចចេញនូវរូបភាពផ្កាយរណប និងវីដេអូមួយចំនួន ដែលបង្ហាញឱ្យឃើញនូវរថយន្តយោធារាប់រយគ្រឿងរបស់ចិនដីគោក កំពុងប្រមូលផ្តុំគ្នានៅឯពហុកីឡាដ្ឋានមួយ ជាប់ព្រំប្រទល់ក្រុងហុងកុង។ នេះវាមានន័យថា ក្រុងប៉េកាំងនឹងមិននៅស្ងៀមចំពោះចលាចល នៅក្នុងទីក្រុងហុងកុងនោះទេ ពួកគេអាចនឹងប្រើវិធានការបង្រ្កាបយ៉ាងតឹងរ៉ឹងទៅលើក្រុមបាតុករហុងកុង។ ព័ត៌មាននេះកើតឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋជាច្រើនរបស់ចិនបានបញ្ចេញវីដេអូ ដើម្បីបង្ហាញរថក្រោះ និងរថយន្ដដឹកយោធា ដែលត្រូវបានគេចល័តទៅទីក្រុងសិនជិន ដែលមានព្រំប្រទល់ ២២គីឡូម៉ែត្រ ជាប់ជាមួយហុងកុង។

ចំណែកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បាននិយាយថា ខ្លួនមានការព្រួយបារម្ភចំពោះស្ថានការណ៍នៅហុងកុងយ៉ាងខ្លាំង ហើយលោកជំរុញឱ្យទីក្រុងប៉េកាំងគោរពនូវស្វ័យភាពទឹកដីនេះ ខណៈការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅតែបន្ដជាប់គ្នារាប់ខែនៅហុងកុង។ ប៉ុន្តែយ៉ាងណាក៏ដោយប្រទេសចិនមិនសប្បាយចិត្តចំពោះការលូកដៃរបស់អាមេរិកនោះទេ ដោយចិនបាននិយាយថា អាមេរិកបានលូកដៃចូលរឿងផ្ទៃក្នុងគ្រួសារគេ។ គួរឱ្យដឹងដែរថា នៅក្នុងការប៉ះទង្គិចគ្នាចុងក្រោយបង្អស់កាលពីម្សិលមិញ ប៉ូលីសហុងកុងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុកររាប់រយនាក់ ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានីយ៍ប៉ូលីសនៅក្នុងតំបន់ប្រជាជន Sham Shui Po ។
របាយការណ៍ឱ្យដឹងថា ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នាដើម្បីរំលឹកដល់ពិធី «ទិវាខ្មោចឃ្លាន» ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤ នៃខែទី៧ តាមប្រតិទិនច័ន្ទគតិ។ ពួកគេត្រូវបានគេរាយការណ៍ថា បានចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ៦នាក់ ដែលបានធ្វើអត្តឃាតក្នុងកំឡុងពេលនៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ទីក្រុងចាប់តាំងពីដើមខែមិថុនា។ វាត្រូវបានគេរាយការណ៍ថា ក្រុមបាតុករបានបញ្ចេញពន្លឺឡាស៊ែរនៅឯប៉ុស្តិ៍ប៉ូលីស Sham Shui Po ខណៈពេលដែលមន្រ្តីប៉ូលីសបានតម្រង់ពន្លឺភ្លើងពិលទៅលើសកម្មជនទាំងនោះវិញ។ យោងតាមកាសែត South China Morning Post បានឱ្យដឹងថាឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានបាញ់ចេញ បន្ទាប់ពីក្រុមបាតុករបានបដិសេធមិនចាកចេញ និងបន្ដបញ្ចេញពន្លឺឡាស៊ែរនៅឯអគារប៉ូលីស៕















អត្ថបទ៖ លីដា