ប្រជាជនជប៉ុនជាង ២៧០,០០០គ្រួសារ ត្រូវប្រកាសឱ្យជម្លៀសចេញ និងជើងហោះហើរជិត ៧០០ ត្រូវលុបចោល ដោយសារព្យុះត្រូពិក Krosa កាន់តែកៀកទៅភាគខាងលិច
ជាមួយនឹងការខិតជិតមកដល់នៃព្យុះត្រូពិក Krosa សេចក្តីណែនាំអំពីការជម្លៀសចេញត្រូវបានចេញផ្សាយ ហើយគ្រោះអាសន្ននេះគឺស្ថិតនៅក្នុងកម្រិត ៤ នៅលើមាត្រដ្ឋាន ៥ ដែលមានន័យថា ប្រជាជនគួរតែភៀសខ្លួនទៅដីដែលមានសុវត្ថិភាពជាងមុន សម្រាប់ប្រជាជនជាង ២៧០,០០០គ្រួសារ ឬ ប្រហែល ៥៨០,០០០នាក់ នៅក្នុងតំបន់ដែលនឹងរងគ្រោះទាំងនោះ។ ព្យុះត្រូពិក Krosa ត្រូវបានគេឱ្យដឹងថា មានល្បឿន ១០៨គីឡូម៉ែត្រ/ម៉ោង ។

ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសជប៉ុនបានលុបចោលជើងហោះហើរក្នុងស្រុកចំនួន ៦៧៩ សម្រាប់ថ្ងៃព្រហស្បតិ៍នេះ ដោយសារតែព្យុះត្រូពិកកំពុងបោកបក់ឆ្ពោះទៅភាគខាងលិចប្រទេសជប៉ុន។ ជើងហោះហើរតភ្ជាប់អាកាសយានដ្ឋានហានដារបស់ទីក្រុងតូក្យូ និងព្រលានយន្តហោះនៅភាគខាងលិចប្រទេសជប៉ុន ភាគច្រើនត្រូវបានលុបចោល។ ក្រុមហ៊ុនអាកាសចរណ៍និយាយថា ពួកគេអាចនឹងលុបចោលជើងហោះហើរបន្ថែមទៀតអាស្រ័យលើចលនាព្យុះ។ ពួកគេកំពុងអំពាវនាវដល់អ្នកដំណើរឱ្យពិនិត្យមើលព័ត៌មានចុងក្រោយអំពីជើងហោះហើររបស់ពួកគេ៕

អត្ថបទ៖ លីដា