ដំរីមួយក្បាលសល់តែស្បែកដណ្ដប់ឆ្អឹង ដោយសារម្ចាស់ប្រើឲ្យធ្វើការធ្ងន់ ហើយឲ្យចំណីមិនគ្រប់គ្រាន់ទៀត
សម្រាប់ក្រុមអ្នកអភិរក្ស និងស្រលាញ់សត្វអាចនឹងមានអារម្មណ៍តក់ស្លុតជាខ្លាំង ក្រោយបានប្រទះឃើញសត្វដំរីមួយ ក្បាលដែលត្រូវបានគេធ្វើទារណ្ឌកម្មយ៉ាងខ្លាំង និងមិនបានទទួលចំណីគ្រប់គ្រាន់រហូតដំរីមួយក្បាលនោះត្រូវធ្លាក់ខ្លួនស្គមសល់តែស្បែកដណ្ដប់ឆ្អឹង។ ដំរីមួយក្បាលនេះមានឈ្មោះថា Tikiri ជាដំរីញី ដែលមានអាយុ ៧០ ឆ្នាំទៅហើយ និងជាសត្វចិញ្ចឹមរបស់ម្ចាស់ជាជនជាតិស្រីលង្កាម្នាក់។ មុនពេលប្រទះឃើញ Tikiri មានស្ថានភាពគួរឲ្យអាណិតនេះ ដំរីមួយក្បាលនេះត្រូវបានគេប្រើប្រាស់ក្នុងក្បួនដង្ហែរមួយក្នុងពិធីបុណ្យប្រពៃណីស្រីលង្កា ដែលមានឈ្មោះថាបុណ្យ Perahera Festival និងមានរយៈពេល ១០ ថ្ងៃ។
ក្នុងពិធីបុណ្យនោះ Tikiri ត្រូវបានគេប្រើប្រាស់ជាដំរីដើរនាំមុខគេមួយ និងត្រូវដើរតាំងពីព្រឹកព្រលឹមរហូតដល់យប់ជ្រៅ ១០ ថ្ងៃជាប់គ្នាតែម្តង។ ព្រោះតែខ្វះការថែនាំ ទទួលចំណីរមិនបានគ្រប់គ្រាន់ពីម្ចាស់ និងថែមទាំងត្រូវធ្វើការធ្ងន់ ១០ ថ្ងៃជាប់គ្នាទៀត ទើបធ្វើឲ្យដំរីមួយក្បាលនេះត្រូវធ្លាក់ខ្លួនស្គមគួរឲ្យអាណិតតែម្តង។ រហូតមកទល់នឹងពេលនេះ មូលនិធិសង្គ្រោះសត្វដំរីដ៏ធំមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃកំពុងតែព្យាយាមស្វែងរកវិធីជួយសង្គ្រោះសត្វដំរីមួយក្បាលនេះហើយ៕
អត្ថបទ៖ ភក្តី


