បុរសពោះម៉ាយម្នាក់សុខចិត្តតែងខ្លួនជាស្រីក្នុងថ្ងៃទិវាគុណម្តាយ ដើម្បីឲ្យកូនគាត់សប្បាយចិត្តដូចក្មេងដទៃមានម្តាយដែរ
ថៃ៖ បុរសពោះម៉ាយម្នាក់សុខចិត្តតែងខ្លួនជាមនុស្សស្រី ដើម្បីទៅចូលរួមក្នុងទិវាគុណម្តាយនៅក្នុងសាលារៀនរបស់កូនគាត់ ដើម្បីឲ្យកូនគាត់អាចរីករាយក្នុងទិវាមួយនេះ ដូចក្មេងៗដទៃដែលមានម្តាយដែរ។ រឿងរ៉ាវដ៏រំជួលចិត្តនេះបានកើតឡើងនៅក្នុងប្រទេសថៃ ដែលមានការប្រារព្ធទិវាគុណម្តាយនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៩។ នៅក្នុងទិវាមួយនេះនៅតាមបណ្ដាសាលារៀនជាច្រើននៅក្នុងប្រទេសថៃបានប្រារព្ធពិធីដ៏ពិសេសនេះ ដោយមានការអញ្ជើញម្តាយរបស់កូនសិស្សទាំងអស់ឲ្យមកអង្គុយនៅក្នុងសាលារៀន និងបានឲ្យកូនៗរបស់ពួកគាត់ទៅគោរពអ្នកម្តាយទាំងនោះម្នាក់ម្តងៗ។
ដោយឡែកបុរសពោះម៉ាយខាងលើ ដែលមានឈ្មោះថា Chamnuansok ក៏មានកូនចំនួនពីរនាក់ ម្នាក់អាយុ ៦ ឆ្នាំ និងម្នាក់ទៀតអាយុ ៤ ឆ្នាំ ត្រូវប្រារព្ធពិធីនេះដូចក្មេងដទៃដែរ ហើយដើម្បីឲ្យអោយកូនទាំងពីររបស់គាត់អាចរីករាយក្នុងថ្ងៃពិសេសនេះ គាត់ក៏សម្រេចតែងខ្លួនជាមនុស្សស្រី និងបានទៅចូលរួមដូចអ្នកម្តាយផ្សេងទៀតដែរ។ សម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមថៃបានបញ្ចេញមិត្តថា រឿងនេះគឺជារឿងដ៏រំជួលចិត្តមួយហើយមានមនុស្សប្រុសភាគតិចបំផុតដែលអាចធ្វើដូចនេះបាន៕

អត្ថបទ៖ ភក្តី

