ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកវិទ្យាសាស្ត្រជប៉ុននឹងចាប់ផ្ដើមការស្រាវជ្រាវដ៏ធំមួយ អំពីផលប៉ះពាល់កាកសំណល់ផ្លាស្ទិកនៅក្នុងសមុទ្រជ្រៅ

    BY autoadmin August 19, 2019
    អ្នកវិទ្យាសាស្ត្រជប៉ុននឹងចាប់ផ្ដើមការស្រាវជ្រាវដ៏ធំមួយ អំពីផលប៉ះពាល់កាកសំណល់ផ្លាស្ទិកនៅក្នុងសមុទ្រជ្រៅ

    វិទ្យាស្ថានស្រាវជ្រាវជាតិជប៉ុននិយាយថា ខ្លួននឹងចាប់ផ្តើមគម្រោងស្រាវជ្រាវដ៏ធំមួយ ស្តីពីថាតើកាកសំណល់ប្លាស្ទិចបំពុលដល់មហាសមុទ្រ និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីយ៉ាងដូចម្តេចខ្លះ។ ទីភ្នាក់ងារជប៉ុនសម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសមុទ្រ/ផែនដី បានបង្កើតក្រុមមួយកាលពីខែមេសា ដើម្បីសិក្សាពីការបំពុលសមុទ្រ ដែលបណ្តាលមកពីកាកសំណល់ផ្លាស្ទិក។ គម្រោងដែលមានរយៈពេល ៣សប្តាហ៍ នឹងចាប់ផ្តើមនៅថ្ងៃទី២៨ ខែសីហា តទៅ។ វានឹងប្រព្រឹត្តទៅនៅឆកសមុទ្រ Sagami ភាគខាងត្បូងនៃទីក្រុងតូក្យូ និងនៅក្នុងដែនទឹកនៅឧបទ្វីប Boso ភាគខាងកើតទីក្រុងតូក្យូ។

    ក្រុមអ្នកស្រាវជ្រាវនឹងវាស់បរិមាណផ្លាស្ទិកតូចៗមាននៅក្នុងដីល្បាប់ ដែលស្រង់ចេញពីបាតសមុទ្រនៅជម្រៅចន្លោះពី ១,២០០ ទៅ ៩,២០០ម៉ែត្រ។ ពួកគេនឹងពិនិត្យមើលនៅពេលវាកកកុញ ហើយថាតើវាអាចត្រូវបានរកឃើញនៅក្នុងក្រពះរបស់សត្វសមុទ្រ ឬទេ។ ក្រុមនេះក៏នឹងធ្វើការពិសោធន៍ ដើម្បីមើលពីរបៀបដែលប្លាស្ទិកពុកផុយតាមពេលវេលានៅក្នុងបរិស្ថានសមុទ្រជ្រៅ ដោយពួកគេនឹងយកបំណែកប្លាស្ទិកដាក់នៅក្នុងសមុទ្រជម្រៅ ១,២០០ម៉ែត្រ សម្រាប់រយៈពេល ៣ឆ្នាំ ផងដែរ។

    អនុប្រធានលោក Masashi Tsuchiya និយាយថា គេនៅមិនទាន់ដឹងថា តើកាកសំណល់ផ្លាស្ទិកបានរាលដាលដល់កម្រិតណា ហើយចំនួនប៉ុន្មានដែលប្រមូលបាននៅក្នុងសមុទ្រ។ គាត់សង្ឃឹមថា គម្រោងនេះនឹងលើកកម្ពស់ការយល់ដឹងអំពីបញ្ហានេះ ហើយធ្វើឱ្យប្រជាជនដឹងថា កាកសំណល់ដែលបានបោះចោលរបស់ពួកគេ អាចនឹងទៅដល់ជ្រលង Mariana Trench ដែលជាលេណដ្ឋានធម្មជាតិដ៏ជ្រៅបំផុតនៅលើពិភពលោក ដែលស្ថិតនៅប៉ែកខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក៕

    អត្ថបទ៖ លីដា

    Share This Post: