ខំឡើងប្អូនៗ! អភិបាលខេត្តបន្ទាយមានជ័យ ប្រកាសផ្តល់ទូរស័ព្ទ iPhone ចំណែក ឯកឧត្តម ស សុខា ផ្តល់ម៉ូតូថ្មីម្នាក់មួយគ្រឿង ដល់បេក្ខជនដែលប្រឡងបាក់ឌុបជាប់និទ្ទេស A
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានប្រកាសផ្តល់រង្វាន់ទូរស័ព្ទ iPhone ហើយឯកឧត្តមក៏បានបន្ថែមថា ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ក៏ផ្តល់ម៉ូតូថ្មីម្នាក់មួយគ្រឿង ជូនដល់បេក្ខជនប្រឡងជាប់បាក់ឌុប ទទួលបាននិទ្ទេស A នៅខេត្តបន្ទាយមានជ័យ ។ ដោយនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញ ចូលបើកវិញ្ញាសារប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ នៅមណ្ឌលវិទ្យាល័យសិរីសោភ័ណ។
ឯកឧត្តមបានសរសេររៀបរាប់ថា៖ “ថ្ងៃនេះជាថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វេលាម៉ោង ៧ ព្រឹកថ្ងៃទី១៩ សីហា ឆ្នាំ២០១៩ ខ្ញុំបាទជាមួយគណៈកម្មាការប្រឡង បានចូលរួមបើកហិបវិញ្ញាសារប្រឡង នៅមណ្ឌលវិទ្យាល័យសិរីសោភ័ណ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជូនពរក្មួយៗទាំងអស់ សុខភាពល្អ សុខសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទៅទាំងមកប្រឡង និងសូមអោយប្រឡងជាប់ ព្រមទាំងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ។ សម្រាប់បេក្ខជនប្រឡងជាប់ទទួលបាននិទ្ទេស A ខ្ញុំ នឹងផ្តល់រង្វាន់លើកទឹកចិត្ត IPhone ថ្មី ១គ្រឿង ហើយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ផ្តល់ម៉ូតូ ថ្មី១គ្រឿងផងដែរ “៕
គួររំលឹកថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៨-២០១៩ មានរយៈពេល០២ថ្ងៃគឺសម័យប្រឡងពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែសីហាឆ្នាំ២០១៩ដែលបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ចំណែកខេត្តបន្ទាយមានជ័យមានមណ្ឌលប្រឡងចំនួន៧ សរុប១៩៨បន្ទប់ មានបេក្ខជនមានឈ្មោះក្នុងបញ្ជីសរុប៤.៩១៧នាក់ (ស្រី២.៥៨៧នាក់)៕







