នាំគ្នារិះគន់យ៉ាងចាស់ដៃលើអ្នកប្រមាញ់២នាក់ ដែលច្រលំបាញ់សត្វព្រាបងាប់អស់ជាង ១០០ ក្បាល ដោយស្មានថាជាសត្វក្អែក
ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមម៉ាឡេស៊ីជាច្រើនកំពុងតែនាំគ្នារិះគន់ទៅកាន់ក្រុមអ្នកប្របាញ់សត្វក្អែករបស់អាជ្ញាធររដ្ឋ Johor ជាខ្លាំង ក្រោយពួកគេបានបាញ់សម្លាប់សត្វព្រាបជាង ១០០ ក្បាល ដោយច្រឡំថាសត្វព្រាបទាំងនោះគឺជាសត្វក្អែក។ សូមបញ្ជាក់ជូនថា នៅតំបន់កើតហេតុនេះសត្វក្អែកត្រូវបានគេចាត់ទុកថា ជាប្រភេទសត្វផ្តល់នូវការរំខាន និងអាចបង្កជាបញ្ហាសម្រាប់ប្រជាពលរដ្ឋ និងការហោះហើររបស់យន្តហោះផងដែរ។ ដូចនេះហើយទើបជារឿយៗអាជ្ញាធរបានអនុញ្ញាតឲ្យក្រុមអ្នកប្រមាញ់សត្វស្លាបបាញ់សម្លាប់សត្វក្អែកខ្លះ នៅពេលដែលពួកវាមានចំនួនច្រើនរហូតដល់អាចបង្កជាបញ្ហាបាន។
យ៉ាងណាក្តី មានអ្នកប្រមាញ់ពីររូបបាននាំទៅបាញ់សម្លាប់សត្វព្រាបងាប់អស់ជាង ១០០ ក្បាលទៅវិញ ដោយច្រឡំថា ពួកវាជាសត្វក្អែក។ សម្រាប់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមបានលើកឡើងថា សត្វព្រាប និងក្អែកមានរូបរាងខុសគ្នាណាស់ ហេតុអ្វីបានច្រលំទៅកើត? អ្នកខ្លះវិញថែមទាំងបានបញ្ចេញមតិថា អាណិតសត្វព្រាបណាស់គ្នាអត់ដឹងអីផង ទៅបាញ់គ្នាងាប់អស់។ ទន្ទឹមនឹងនេះក៏មានមតិជាច្រើនបានសុំឲ្យក្រុមអ្នកប្រមាញ់ត្រូវស្គាល់សត្វឲ្យបានច្បាស់ចៀសវាងបាញ់ច្រលំដូចនេះទៀត៕

អត្ថបទ៖ ភក្តី

