ទីតាំងលក់និងបញ្ចូលហ្គាសកំប៉ុងមួយកន្លែងនៅខេត្តសៀមរាប ត្រូវអាជ្ញាធរចុះផ្អាកសកម្មភាពអាជីវកម្ម
សៀមរាប៖ ទីតាំងលក់និងបញ្ចូលហ្គាសកំប៉ុងមួយកន្លែងនៅខេត្តសៀមរាប ត្រូវបានតម្រូវឲ្យផ្អាកសកម្មភាព ។ លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាបបានដឹកនាំមន្ត្រីជំនាញនៃមន្ទីររបស់ខ្លួន សហការជាមួយរដ្ឋបាលក្រុងសៀមរាប និងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងមន្ទីរបរិស្ថានខេត្តចុះពិនិត្យ និងណែនាំម្ចាស់ទីតាំងលក់ និងបញ្ចូលហ្គាសកំប៉ុងមួយកន្លែងនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ឱ្យផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន ដោយត្រូវរេីឧបករណ៍ផ្ទេរហ្គាសចេញពីទីតាំងលក់ (ផ្ទះល្វែង)។ ក្រុមការងារបានតម្រូវឱ្យម្ចាស់ទីតាំងអាជីវកម្មដាក់ពាក្យសុំលិខិតអនុញ្ញាត ដែលត្រូវគោរពតាមលក្ខខណ្ឌនិងបទដ្ឋានបច្ចេកទេស អនុលោមតាមច្បាប់ជាធរមាន។
គួររំលឹកថាកាលពីពេលថ្មីៗនេះមានហេតុការណ៍ឆេះស្ថានីយបញ្ចូលហ្គាសមួយកន្លែង ស្ថិតនៅចំណុចផ្លូវលោកតាណឺយ ក្រុម១១ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឱ្យមនុស្ស១៣នាក់ ទាំងបុគ្គលិកស្ថានីយ និងអ្នកកំពុងធ្វើដំណើរឆ្លងកាត់ទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានក្រសួងរ៉ែ និងថាមពល បានពិនិត្យឃើញថា ស្ថានីយ៍នោះមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់ក្នុងការសាងសង់ និងធ្វើអាជីវកម្មបញ្ចូលឧស្ម័ននេះទេ៕






ប្រភព៖ Ministry of Mines and Energy Cambodia