សង្ឃថៃ ៣ អង្គទទួលការចាប់អារម្មណ៍ខ្លាំង ក្រោយប្រកួតលេងហ្គេមអនឡាញឈ្នះបានជ័យលាភីលេខ១
ថៃ៖ ព្រះសង្ឃថៃចំនួន ៣ អង្គកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយសង្ឃទាំង ៣ អង្គនេះបានក្លាយទៅជាម្ចាស់ជើងឯងក្នុងការប្រកួតលេងហ្គេមតាមបណ្តាញអ៊ីនធឺណិតដ៏ធំមួយ។ កម្មវិធីប្រកួតលេងហ្គេមនេះមានឈ្មោះថា KKU Nong Khai Fair 2019 រៀបចំឡើងដោយសាកលវិទ្យាល័យ Khon Kaen។ ព្រះសង្ឃ ៣ អង្គនេះ ជាសិស្សសង្ឃដែលកំពុងតែសិក្សានៅក្នុងវិទ្យាល័យព្រះសង្ឃ Balee Sathit Suksa ដែលមានទីតាំងស្ថិតនៅភាគខាងជើងប្រទេសថៃ។

តាមការចុះផ្សាយរបស់សារព័ត៌មានថៃបានឲ្យដឹងថា ក្នុងមួយសប្តាហ៍ព្រះសង្គទាំង ៣ អង្គនេះត្រូវចំណាយពេលចំនួន ២០ ម៉ោងសិក្សាព្រះធម៌នៅក្នុងវិទ្យាល័យ Balee Sathit Suksa ហើយម៉ោងដែលនៅសល់ត្រូវចំណាយពេលសិក្សាចំណេះដឹងទូទៅរួមទាំងថ្នាក់បច្ចេកវិទ្យាផងដែរ។ ហើយការសិក្សាថ្នាក់កុំព្យូរទ័រ និងបច្ចេកវិទ្យានោះហើយ ដែលបានផ្តល់ឱកាសឲ្យសង្ឃទាំង ៣ អង្គនេះបង្កើតជាក្រុមមួយ ដើម្បីប្រកួតប្រជែងលេងហ្គេមជាមួយនឹងក្រុមយុវជនផ្សេងៗទៀត។ ជាលទ្ធផលក្រុមព្រះសង្ឃបានទទួលជ័យលាភីលេខ ១ ហើយពេលនេះសង្ឃទាំង ៣ អង្គនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម៕

អត្ថបទ៖ ភក្តី



