អ្នកណាធ្វើចិត្តបាន! ឪពុកទើបតែទិញម៉ូតូថ្មីឲ្យកូនស្រីជាកាដូថ្ងៃខួបកំណើត តែវាបែរក្លាយជាកាដូថ្ងៃស្លាប់របស់នាងទៅវិញ
ថៃ៖កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅឯ ស្រុកហួរសៃ ខេត្តនគរស៊ីថាំរ៉ាត ប្រទេសថៃ ដោយបានសម្លាប់ជីវិតក្មេងស្រីម្នាក់ស្លាប់យ៉ាងអណោធអធ័ម អ្វីដែលកាន់តែអាណិតនោះគឺនាងបានស្លាប់ក្នុងថ្ងៃកំណើតខ្លួនជាមួយម៉ូតូថ្មីដែលឪពុកទើបទិញឲ្យជាកាដូថ្ងៃកំណើត។
ក្មេងស្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា ជីណាន់ ឃុងប៊ុនថង ឬ នេន អាយុ ១៦ឆ្នាំ រៀនថ្នាក់ទី៩ បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូប៉ះគ្នាជាមួយរថយន្ត ខណៈពេលនាងកំពុងជិះម៉ូតូទៅសាលា ស្រាប់តែរថយន្តជិះមកពីទិសបញ្ច្រាសគ្នាបានរេចង្កូតមកបុកមួយទំហឹងបណ្តាលឲ្យបាក់ដៃ បាក់ជើង រងរបួសជាច្រើនកន្លែងរហូតស្លាប់នៅនឹងកន្លែងកើតហេតុ។ សពក្មេងស្រីរូបនេះត្រូវបានបញ្ជូនទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ដោយមានការគ្រប់គ្រងពីសំណាក់មិត្តភក្តិ និងសាច់ញាតិ ដោយឡែកលោកឪពុករបស់ក្មេងស្រីរូបនេះគឺហាក់នៅពុំទាន់ទទួលយកបាននូវឡើយ ដោយគាត់មានសភាពសោកសៅជាខ្លាំងព្រោះតែម៉ូតូថ្មីមួយគ្រឿងនេះគាត់បានទិញជាកាដូសម្រាប់ថ្ងៃខួបកំណើតកូនស្រីខ្លួន តែវាបែរក្លាយជាកាដូថ្ងៃស្លាប់របស់នាងទៅវិញ។
យ៉ាងណាមិញម្ចាស់រថយន្តបានសារភាព ព្រមទាំងយល់ព្រមទទួលខុសត្រូវគ្រប់យ៉ាងព្រោះតែខ្លួនពិតជាអ្នកខុសដោយបានបើកបររថយន្តក្នុងល្បឿនលឿន ព្រមទាំងខ្វះការប្រុងប្រយ័ត្ន។ មិត្តភក្តិរបស់ នេន បានបន្ថែមឲ្យដឹងថា នេនជាមនុស្សល្អ ដោយនាងជាមនុស្សដែលចូលចិត្តធ្វើឲ្យមនុស្សជុំវិញខ្លួនសើចសប្បាយរីករាយ ហើយនាងធ្លាប់ប្រាប់ពួកគេថានៅពេលដែលនាងមានម៉ូតូជិះនាងនឹងជូនពួកខ្ញុំទៅផ្ទះ ហើយក៏ទៅយកមករៀនផងដែរ។ តែពេលដែលឮដំណឹងថានាងស្លាប់ពួកខ្ញុំហាក់តក់ស្លុតជាខ្លាំង ហើយក៏ធ្វើចិត្តមិនទាន់បានដូចគ្នា ព្រោះតែវាភ្លាមៗពេក៕




