រថយន្ត

Taycan ជារថយន្តអគ្គិសនីដំបូង ដែលភ្ជាប់ជាមួយកម្មវិធី Apple Music មកស្រាប់

BY
autoadmin
August 20, 2019

ក្រុមហ៊ុន Porsche បានប្រកាសកាលពីថ្ងៃច័ន្ទថា ក្រុមហ៊ុននេះនឹងបញ្ចូលកម្មវិធី Apple Music ទៅក្នុងរថយន្តស្ព័រ Taycan ដែលជារថយន្តថាមពលអគ្គីសនីដំបូងបង្អស់របស់ខ្លួន ហើយសេវាកម្មផ្សាយតន្ត្រីមួយនេះនឹងផ្តល់ជូនជាកម្មវិធីដាច់ដោយឡែកមួយទៅឱ្យវា។ សេចក្តីប្រកាសនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងចុងក្រោយ របស់ក្រុមហ៊ុន Porsche ក្នុងការផ្តោតលើការកម្សាន្តឌីជីថលនៅក្នុងយានយន្ត ក៏ដូចជាការសហការរបស់ខ្លួនជាមួយក្រុមហ៊ុន Apple ។ ការរួមបញ្ចូល Apple Music ជាមួយនឹង Taycan អាចជាប្រធានបទយ៉ាងក្តៅគគុក ខណៈដែលវានឹងត្រៀមបង្ហាញវត្តមានជាផ្លូវការឆាប់ៗ។

យ៉ាងណាក៏ទំនាក់ទំនងរវាង Apple និង Porsche នឹងមិនបញ្ចប់នៅត្រឹមហ្នឹងទេ។ ដោយលោក Klaus Zellmer នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តបានប្រាប់ TechCrunch ថា Apple CarPlay នឹងនាំមកនូវរូបរាង និងអារម្មណ៍របស់ទូរស័ព្ទ iPhone ទៅកាន់អេក្រង់តាបឡូរបស់រថយន្ត ហើយវាត្រូវបានផ្តល់ជូនរួចហើយទៅក្នុងម៉ូដែលថ្មីៗរបស់ Porsche រួមបញ្ចូលទាំងម៉ូដែល Taycan ។ ដូចគ្នានឹងការដាក់ចេញរបស់ Apple CarPlay កម្មវិធី Apple Music នឹងត្រូវបានដាក់បញ្ចូលយ៉ាងពេញលេញទៅគ្រប់ត្រកូល Porsche ។

គួរឱ្យដឹងដែរថា Taycan មានសន្ទុះល្បឿនពី ០-១០០គីឡូម៉ែត្រ/ម៉ោង តិចជាង ៣.៥វិនាទី ហើយមានសន្ទុះល្បឿនពី ០-២០០គីឡូម៉ែត្រ/ម៉ោង ត្រឹមតែរយៈពេល ១២វិនាទី ប៉ុណ្ណោះ ចំណែកឯល្បឿនអតិបរិមារបស់វាគឺ ២៥០គីឡូម៉ែត្រ/ម៉ោង ។ ថ្មសាក lithium-ion របស់វា គឺមានថាមពល ៩០គីឡូវ៉ាត់ ហើយមានប្រភពខ្លះបាននិយាយថា Taycan នឹងអាចជិះបាន ៥០០គីឡូម៉ែត្រ (ពេលសាកពេញម្ដង) និងអាចបញ្ជូលថ្មបាន ៨០% ត្រឹមតែរយៈពេល ១៥នាទី ប៉ុណ្ណោះ (fast charging) ហើយចំពោះតម្លៃរបស់វាវិញ គឺអាចនឹងចាប់ពី ៩០,០០០ ទៅ ១៣០,០០០ដុល្លារអាមេរិក៕

អត្ថបទ៖ លីដា

Share This Post: