រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ ចង់ឲ្យក្លឹបកម្សាន្ត និងបារបើកដល់ម៉ោង៤ទៀបភ្លឺ ដើម្បីបង្កើនចំណូលប្រជាពលរដ្ឋ
ថៃ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃបានដាក់សំណើមួយទៅកាន់នាយករដ្ឋមន្ត្រី ដើម្បីសុំការអនុញ្ញាតឲ្យក្លឹបរាត្រី និងបារនៅតំបន់មួយចំនួនអាចបើកដំណើរការបានរហូតដល់ម៉ោង ៤ ទៀបភ្លឺ។ បច្ចុប្បន្ននេះគ្រប់ក្លឹបរាត្រី និងបារ ដែលបើកដំណើរការនៅតាមតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនត្រូវបានគេអនុញ្ញាតឲ្យបើកត្រឹមម៉ោង ១ រំលងអាធ្រាតប៉ុណ្ណោះ។ បើតាមលោក Pipat Ratchakitprakan រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃបានបញ្ជាក់ប្រាប់ថា គំនិតដែលចង់បន្ថែមម៉ោងឲ្យក្លឹបរាត្រី និងបារបើកដល់ម៉ោង ៤ ទៀបភ្លឺនេះ គឺត្រូវបានធ្វើឡើងក្នុងគោលបំណងចង់បង្កើនប្រាក់ចំណូល និងបង្កើនសេដ្ឋកិច្ចចំពោះក្រុមអ្នកធ្វើអាជីវកម្មពាក់ព័ន្ធក្នុងវិស័យនេះប៉ុណ្ណោះ។
លោកបានបន្តថា ប្រសិនបើក្លឹបនិងបារអាចបើករហូតដល់ម៉ោង ៤ ទៀបភ្លឺនោះ ក្លឹប និងបារ នឹងអាចរកបានប្រាក់ចំណូលបន្ថែមរហូតដល់ ២៥% ឯណោះ។ យ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha បានឆ្លើយតបទៅកាន់សំណើនេះវិញថា លោកត្រូវការពេលវេលាដើម្បីសិក្សាឲ្យបានច្បាស់អំពីផលប៉ះពាល់ និងភាគីដែលត្រូវពាក់ព័ន្ធជាមុនសិន ដូចជាប៉ូលិស និងក្រសួងមហាផ្ទៃជាដើម ព្រោះថាពួកគេក៏ត្រូវបន្តការងារការពារសន្តិសុខដល់ម៉ោង ៤ ទៀបភ្លឺដែរ។
ម្យ៉ាងទៀតលោកបារម្ភជាខ្លាំងចំពោះសុវត្ថិភាពអ្នក ដែលទៅរកសេវាកំសាន្តក្នុងក្លឹប និងបារទាំងនោះ ព្រោះពួកគេអាចបន្តផឹកគ្រឿងស្រវឹងច្រើន និងត្រូវប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ពេលត្រលប់មកផ្ទះវិញផងដែរ។ ដូចនេះហើយទើបគេត្រូវការពេលវេលាសិក្សាឲ្យបានច្បាស់លាស់សិន មុននឹងសម្រេចតាមការស្នើសុំខាងលើនេះ៕

អត្ថបទ៖ ភក្តី