អាមេរិកនឹងដំណើរការ «ទីបញ្ជាការអវកាស» នៅចុងខែនេះ តាមការបង្គាប់របស់លោក ដូណាល់ ត្រាំ
យោធាអាមេរិកបានប្រកាសថា ខ្លួននឹងបើកដំណើរការទីបញ្ជាការអវកាស ដែលជាអង្គការថ្មីមួយ ដែលឧទ្ទិសដល់ទីអវកាសនៅចុងខែនេះ។ ប្រធានអគ្គសេនាធិការចម្រុះលោក Joseph Dunford បានប្រាប់សន្និសីទមួយនៅរដ្ឋ Virginia កាលពីថ្ងៃអង្គារថា ទីបញ្ជាការនេះនឹងត្រូវបានបង្កើតឡើងនៅថ្ងៃទី២៩ ខែសីហា។ វានឹងមាន ៨៧ អង្គភាព រួមទាំងកងកម្លាំង ដើម្បីឃ្លាំមើលមីស៊ីលផ្លោង ត្រួតពិនិត្យប្រតិបត្តិការផ្កាយរណប និងធ្វើការឃ្លាំមើលអវកាស។

លោក Joseph Dunford និយាយថា ទីបញ្ជាការនេះនឹងធ្វើឱ្យសហរដ្ឋអាមេរិកស្ថិតលើមាគ៌ាមួយ ដើម្បីរក្សាបាននូវអត្ថប្រយោជន៍ប្រកួតប្រជែង នៅក្នុងអ្វីដែលលោកហៅថា ជាដែនប្រយុទ្ធក្នុងសង្គ្រាមដ៏សំខាន់។ លោកបានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការប្រឆាំងនឹងការបង្កើនសកម្មភាពយោធានៅក្នុងលំហ ដោយប្រទេសចិន និងរុស្ស៊ី ក៏ដូចជាការអភិវឌ្ឍអាវុធ ដើម្បីកម្ទេចផ្កាយរណប។
រដ្ឋបាលរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានផ្ញើវិក័យប័ត្រទៅសភារួចហើយ ក្នុងគោលបំណងបង្កើតសាខាយោធាទី៦ ដែលមានឋានៈស្មើកងទ័ពជើងទឹក និងកងម៉ារីន ក្នុងឆ្នាំ២០២០ ដោយចាប់ផ្តើមពីខែតុលា។ ការដាក់ឱ្យប្រើប្រាស់នូវទីបញ្ជាអវកាស នឹងក្លាយជាជំហានដំបូងឆ្ពោះទៅរកផែនការនោះ។ ប៉ុន្តែសមាជិកសភាខ្លះមានការបារម្ភពីការបង្កើតសាខាយោធាថ្មី ដោយនិយាយថា វាអាចនាំឱ្យមានការបង្កើនការចំណាយលើវិស័យការពារជាតិ និងអង្គការ ដែលមានកាន់តែច្រើននេះ៕


អត្ថបទ៖ លីដា