រថយន្ត

ប្រទេសថៃ និងកូរ៉េខាងត្បូង ចាប់ដៃគ្នាដើម្បីអភិវឌ្ឍរថយន្តក្រុងអគ្គិសនី

BY
autoadmin
August 22, 2019

រថយន្តក្រុងដើរដោយថាមពលអគ្គីសនីនៅក្នុងរូបភាពនេះ គឺស្ថិតនៅលើទីធ្លានៃសាកលវិទ្យាល័យបច្ចេកវិទ្យា King Mongkut នៅ Thonburi ទីក្រុងបាងកក។ រថយន្តក្រុងអគ្គិសនីនេះ គឺជាគម្រោងរួមគ្នារវាងកូរ៉េ និងថៃ ដែលដឹកនាំដោយក្រុមហ៊ុនផលិតរថយន្តកូរ៉េអេឌីសុនម៉ូទ័រ (Edison Motors) ដែលបច្ចុប្បន្នផ្តល់សេវាដឹកជញ្ជូនសាធារណៈជាមួយឡានក្រុង ដែលមានលក្ខណៈមិនបំពុលបរិស្ថាន (eco-friendly) នៅឯ ណានសាន ក្នុងទីក្រុងសេអ៊ូល និងនៅកោះជេជូ។

គម្រោងនេះមានការចូលរួមពីអង្គការចំនួន ១១ មកពីភាគីទាំងពីររួមមាន៖ ក្រសួងឧស្សាហកម្មកូរ៉េ និង គម្រោងវាយតម្លៃ និងផែនការបច្ចេកវិទ្យាថាមពលកូរ៉េ។ ភាគីថៃរួមមាន៖ អាជ្ញាធរក្រុងបាងកក អាជ្ញាធរដឹកជញ្ជូនអគ្គិសនីថៃ និងសាកលវិទ្យាល័យបច្ចេកវិទ្យា King Mongkut ។ ពួកគេមានគម្រោងចែករំលែកលទ្ធផលនៃការស្រាវជ្រាវ ជាមួយនឹងអាជ្ញាធរដឹកជញ្ជូនក្រុងបាងកក និងក្រសួងដឹកជញ្ជូននៅទីនោះ ដូច្នេះរដ្ឋាភិបាលអាចប្រើប្រាស់ព័ត៌មាននេះក្នុងការទិញរថយន្តក្រុងអគ្គិសនីនាពេលអនាគត។ រថយន្តក្រុងនេះអាចរត់បាន ២០០គីឡូម៉ែត្រ ពេលសាកថ្មពេញម្ដង ដោយវាប្រើថ្ម LG Chem ។

ទោះយ៉ាងណាគម្រោងនេះគ្រាន់តែសម្រាប់ការស្រាវជ្រាវប៉ុណ្ណោះ និងមិនមែនសម្រាប់ការប្រើប្រាស់ពាណិជ្ជកម្មនោះទេ នៅដំណាក់កាលនេះ។ ប្រសិនបើ Edison Motors ចង់ផលិតរថយន្តក្រុងអគ្គិសនីនៅទីក្រុងបាងកក វាត្រូវតែចូលរួមក្នុងដំណើរការដេញថ្លៃ។ រដ្ឋាភិបាលថៃគ្រោងនឹងដេញថ្លៃលើរថយន្តក្រុងអគ្គិសនីចំនួន ៣៥ នាពេលខាងមុខនេះ។ ហើយបើយោងតាមមន្រ្តីរដ្ឋាភិបាល ក្រុមហ៊ុន Edison Motors ក៏មានឆន្ទៈចូលរួមក្នុងការដេញថ្លៃនេះដែរ៕

អត្ថបទ៖ លីដា

Share This Post: