ប្លែកៗ! ទីសក្ការៈបូជាមួយនៅក្រុងបាងកក ឃើញសំណែនសុទ្ធតែជា តែគុជម៉ាកប៊្រេនៗ
ថៃ៖ ថ្មីៗនេះមានរូបភាពតង្វាយប៉ុន្មានសន្លឹក បានកំពុងតែវាយលុកពេញបញ្ដាញសង្គមថៃ និងទទួលបានការចាប់អារម្មណ៍ជាច្រើនពីអ្នកលេងអ៉ីនធឺណិត។ រូបភាពទាំងនោះត្រូវបានបង្ហោះដោយទំព័រ Payunbud ដែលមានទាំងនៅលើ Facebook និង Twitter ជាមួយនឹងការចុចចូលចិត្ត និងចែកចាយរំលែករាប់ម៉ឺននាក់។ រូបភាពតង្វាយមានទាំងតែគុជ, កាហ្វេ, ទឹកក្រូច និងអាហារប៊្រេនៗទាំងនេះ ត្រូវបានគេបង្ហោះចេញពីទីសក្ការមួយកន្លែង នៅឯសង្កាត់ Pathum Wan របស់ទីក្រុងបាងកក។

ជាការពិតណាស់មិនថាតែប្រទេសថៃនោះទេ ជាស្ដែងរាល់គ្រប់ប្រទេសដែលកាន់សាសនាព្រះពុទ្ធ (រួមទាំងខ្មែរយើងផងដែរ) តែងតែគោរព និងមានជំនឿលើការបន់ស្រន់ព្រះនេះ។ ជាធម្មតាអ្នកទៅបន់ស្រន់ដល់ព្រះទាំងនោះ តែងតែដាក់នូវតង្វាយជាកម្រងផ្កា ក៏ដូចជាម្ហូបផ្សេងៗ ដើម្បីបន់ស្រន់សុំអ្វីមួយ ឬសុំសេចក្ដីសុខជូនដល់គ្រួសាររបស់ពួកគេជាដើម។ ប៉ុន្តែសម្រាប់ទីសក្ការនៅក្នុងសង្កាត់ Pathum Wan បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងគំនិតថ្មីនេះ ដោយពួកគាត់បានដាក់តង្វាយជាអាហារ និងភេសជ្ជៈប៊្រេនៗដូចដែលបានឃើញក្នុងរូប។
សម្រាប់មូលហេតុវិញ គឺមានអ្នកលេងបណ្ដាញសង្គមម្នាក់គាត់បាននិយាយថា គាត់បានទៅបន់ស្រន់នៅទីនោះ ហើយវាជាកន្លែងទីសក្ការៈដែលសក្កិសិទ្ធណាស់។ ពោលគឺគាត់បានប្រាប់ថាគាត់ធ្លាប់បន់សុំឱ្យទទួលបានការងារធ្វើ ហើយវាក៏បានក្លាយជាការពិត ដោយបានទទួលការងារល្អ និងរកចំណូលបានច្រើនផងដែរ ទើបគាត់សម្រេចយកតង្វាយជាតែគុជនេះមកថ្វាយម្ដងទៀត។ ចំណែកអ្នកដទៃទៀតគាត់ក៏បានប្រាប់ដែរថា មិនថាតង្វាយជាអ្វីនោះទេ ឱ្យតែអ្នកផ្ដល់ដោយសុទ្ធចិត្ត បំណងរបស់អ្នកនឹងក្លាយជាការពិត៕





អត្ថបទ៖ លីដា