ស្នេហ៍ខុសវណ្ណៈ! រៀបការរួចឪពុកក្មេកជួលឃាតករបាញ់សម្លាប់កូនប្រសារប្រុសយ៉ាងអាណោចអាធ័ម
ឥណ្ឌា៖ ស្នេហាដ៏បរិសុទ្ធមួយរវាងបុរស និងស្រ្តីឥណ្ឌាមួយគូ ដែលមកពីគ្រួសារស្ថិតនៅក្នុងវណ្ណៈផ្សេងគ្នា ត្រូវបានបញ្ចប់ទៅយ៉ាងអាណោចអាធ័មបំផុត ក្រោយឪពុកខាងកូនស្រីបានជួលឃាតករឲ្យទៅបាញ់សម្លាប់កូនប្រសារប្រុសរបស់ខ្លួន។ សូមបញ្ជាក់ជូនថា នៅក្នុងប្រទេសឥណ្ឌាវណ្ណៈសង្គមត្រូវបានបែកចែកជា៤ ហើយបើរៀបរាប់តាមភាសាសាមញ្ញវណ្ណៈទាំង ៤ នោះមានដូចជា វណ្ណៈអ្នកក្រីក្រ វណ្ណៈមធ្យម វណ្ណៈអ្នកមាន និងវណ្ណៈអ្នកមានខ្លាំង។
វណ្ណៈនេះមិនត្រូវបានកំណត់ដោយច្បាប់នោះទេ តែវាជាផ្នត់គំនិត ដែលបានដក់ជាប់នៅក្នុងការគិតរបស់ប្រជាពលរដ្ឋឥណ្ឌាយ៉ាងម៉ឹងម៉ាត់បំផុត។ ហើយជាទូទៅប្រជាពលរដ្ឋឥណ្ឌាត្រូវរៀបការ និងរស់នៅជាមួយមនុស្សដែលស្ថិតនៅក្នុងវណ្ណៈដូចគ្នា បើមិនដូចនោះទេពួកគេនឹងត្រូវប្រឈមនឹងការិះគន់ និងរើសអើងយ៉ាងខ្លាំងពីសង្គម។
តួយ៉ាងដូចក្នុងករណីខាងលើនេះ បុរសជាជនរងគ្រោះមានឈ្មោះថា Pranay Perumalla អាយុ ២៣ ឆ្នាំ មកពីគ្រួសារដែលស្ថិតទៅក្នុងវណ្ណៈអ្នកក្រីក្រ ហើយគាត់បានស្រលាញ់គ្នាជាមួយស្រ្តីម្នាក់ ដែលមានឈ្មោះថា Amrutha Varshini អាយុ ២១ ឆ្នាំ មកពីគ្រួសារស្ថិតក្នុងវណ្ណៈអ្នកមាន។ ពួកគេស្រលាញ់គ្នាខ្លាំង និងចង់រៀបការជាមួយគ្នា តែឪពុកម្តាយខាងស្រីមិនព្រមអនុញ្ញាតនោះឡើយ។ តែយ៉ាងណាក្តី ពួកគេបានជំនះរៀបការជាមួយគ្នា ហើយលទ្ធផលចុងក្រោយដែលពួកគេទទួលបាននោះគឺជាបុរសជនរងគ្រោះត្រូវបានគេបាញ់សម្លាប់យ៉ាងអាណោចអាធ័ម។ ក្រោយការស៊ើបបអង្កេតរបស់តុលាការឥណ្ឌាបានរកឃើញថា ឪពុកខាងស្រីជាអ្នកនៅពីក្រោយករណីឃាតកម្មនេះ។ គួរម្លឹកជូនថា បើយោងតាមការសិក្សាមួយបានរកឃើញថា នៅក្នុងចំណោមប្រជាជនឥណ្ឌាប្រមាណជា ១,៣ ពាន់លាននាក់ មានប្រជាជនត្រឹមតែ ៥,៨ ប៉ុណ្ណោះដែលបានរៀបការដោយខុសវណ្ណៈគ្នា៕

អត្ថបទ៖ ភក្តី


