គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ប្រកាសប្រឡងជ្រើសរើសគំនូរ logo និងយក “សុភាទន្សាយ” ជានិមិត្តរូប “Mascot” សម្រាប់ SEA Games ឆ្នាំ២០២៣
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ “CAMSOC” បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋពីការរៀបចំការប្រឡងជ្រើសរើសគំនូរស្លាកសញ្ញា «Logo» និងនិមិត្តរូប «Mascot» SEA Games-2023 ដើម្បីអនុវត្តតាមផែនការសកម្មភាព និងផែនទីបង្ហាញផ្លូវរបស់ខ្លួន។
យោងតាមសេចក្តីប្រកាសដែលបានចេញនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ការប្រឡងប្រណាំងជ្រើសរើសគំនូរស្លាកសញ្ញា «Logo» -SEA Games, 2023 ត្រូវមានភ្ជាប់ជាមួយនូវស្លាកសញ្ញាជាគំរូនៃការប្រកួតកីឡា SEA Games មុនៗ។ ចំណែកឯការប្រឡងគំនូរនិមិត្តរូប «Mascot» – SEA Games, 2023 ត្រូវយករូប «សុភាទន្សាយ» ជាសត្វតំណាង។ ហើយបេក្ខជនដែលចូលរួមគូររូប Logo និង Mascot SEA Games ឆ្នាំ២០២៣ តាមលក្ខខណ្ឌដូចខាងក្រោម ៖
១. បេក្ខជនទាំងពីរភេទមានអាយុចាប់ពី ១៥ឆ្នាំឡើង
២. ជនជាតិខ្មែរ-សញ្ជាតិខ្មែរ
៣. គោរពតាមការវិនិច្ឆ័យរបស់ “CAMSOC” ក្នុងការជ្រើសរើសជ័យលាភី
៤. ជ័យលាភីត្រូវផ្តល់សិទ្ធិប្រើប្រាស់ Logo-Mascot ជាស្នាដៃរបស់ជ័យលាភីផ្តាច់មុខដល់ “CAMSOC”
៥. ជ័យលាភីនឹងទទួលបានកិត្តិយសជាភ្ញៀវពិសេសរបស់ “CAMSOC” ក្នុងកម្មវិធីប្រកួតកីឡា SEA Games ឆ្នាំ២០២៣ និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពី “CAMSOC”។ សូមអានសេចក្តីពេញនៅខាងក្រោម៖

