ឆ្នាំ២០១៩ គិតមកដល់ពេលនេះ មានឧកញ៉ាជិត ១០នាក់ ជាប់ពាក់ព័ន្ធបទល្មើសខុសច្បាប់
នៅឆ្នាំ២០១៩ នេះមហាជនបានសង្កេតឃើញថាមានករណីឧកញ៉ាដែលល្បីឈ្មោះជាច្រើននាក់ និងមានមុខមាត់ក្នុងសង្គម ត្រូវបានជាប់ពាក់ព័ន្ធនឹងបទល្មើសខុសច្បាប់ ដូចជាការជួញដូរគ្រឿងញៀន , ឆបោក , រំលោភដីខុសច្បាប់ និងបទល្មើសព្រៃឈើជាដើម។ គិតចាប់ពីដើមឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ ឧកញ៉ាជាច្រើននាក់បានជាប់ពន្ធនាគារ និងឧកញ៉ាខ្លះបាននៅក្រៅឃុំ បន្ទាប់ពីបានប្រព្រឹត្តបទល្មើសខុសច្បាប់។

ឧកញ៉ា ហូ ចំរើន ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លោក កូយ សៅ ចៅក្រមស៊ើបសួរ បានបង្គាប់ឲ្យមន្ត្រីពន្ធនាគារព្រៃស នាំខ្លួនអតីតឧកញ៉ា ហូ ចំរើន ដែលជាប់ចោទលើបទល្មើសមួយចំនួនដូចជាករណី «សំណុំរឿងសភាស៊ើបសួរលេខ ៣១ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បទល្មើស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងទី២៖ សំណុំរឿងសភាស៊ើបសួរលេខ ៣២ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បទល្មើស ឆបោក» មកកាន់តុលាការ ដើម្បីបន្តសាកសួរ មុនសំណុំរឿងទាំងអស់របស់អីតតឧកញ៉ារូបនេះ ត្រូវលើកទៅជំនុំជម្រះ។
សូមបញ្ជាក់ថា កាលព្រឹកថ្ងៃទី១៤ ខែកម្ភ: ឆ្នាំ២០១៩កន្លងទៅ សាលាឧទ្ធណ៍ បានបើកសវនាការប្រកាសសាលដីកាលើសំណុំរឿងអតីតឧកញ៉ា ហូរ ចំរើន ពាក់ព័ន្ធបទល្មើសចំនួន២ករណី គឺករណីឆបោក និងចេញសែកស្អុយ ហើយសម្រេចមិនអនុញ្ញាតឲ្យអតីតឧកញ៉ា ហូ ចំរើន នៅក្រៅឃុំ និងបន្តឃុំខ្លួនក្នុងពន្ធនាគារ តាមអំណាចសាលក្រមសាលាដំបូងរាជធានីភ្នំពេញដដែល។

លោកឧកញ៉ា គិត ធាង ៖ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់ និងបញ្ជូន លោកឧកញ៉ា គិត ធាង ដែលជាម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក ទៅឃុំខ្លួន នៅពន្ធនាគារ PJ ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀនជិត ៥០ គីឡូក្រាម ដែលមានការឃាត់ខ្លួនមនុស្សជាង ៣០០ នាក់ ដែលសមត្ថកិច្ចបានចុះបង្ក្រាបនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៩។

លោកឧកញ៉ា សុខ ប៊ុន ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនលោកឧកញ៉ា សុខ ប៊ុន និងមន្ដ្រីអាជ្ញាធរសង្កាត់កោះរ៉ុង ចំនួន ៥នាក់ផ្សេងទៀត ពាក់ព័ន្ធការរំលោភដីខុសច្បាប់ បន្លំយកដីទំហំជាង ៥០០ ហិកតា នៅកោះរ៉ុង ខេត្តព្រះសីហនុ។

ឧកញ៉ា ស៊ឹង សំអុល ៖ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក ដែលរងនូវការចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរីនោះ ត្រូវបានតុលាការខេត្ត សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ហើយលោក ស៊ឹង សំអុល និងបក្ខពួក ត្រូវបានចោទប្រកាន់ ចំនួន ៤បទល្មើស ពាក់ព័ន្ធបទល្មើសព្រៃឈើ។

ឧកញ៉ា គង់ ក្រឹង ដែលជាឈ្មួញឈើដ៏ល្បីល្បាញនៅខេត្តភាគឦសាន ៖ ថ្ងៃទី១៧ ខែសីហា កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តក្រចេះ បានសម្រេចបញ្ជូនឧកញ៉ា គង់ ក្រឹង និងកូនប្រសារ ទៅកាន់សាលាដំបូងខេត្តហើយ ដោយ ឪពុក និងកូនប្រសារទាំង២នាក់នោះត្រូវបានរកឃើញថា មានជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើប្រាកដមែន ។

ឧកញ៉ា ស្រី សុធា និងឧកញ៉ា ស្រី ចន្ធូ ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ឧកញ៉ាស្រី សុធា ជាឪពុកមានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និងឧកញ៉ា ស្រី ចន្ធូ ជាកូនមានតួនាទីជានាយកក្រុមហ៊ុន 7NG ដែលមានដីពុះឡូត៌លក់ធំជាងគេ នៅតំបន់វិហារសួគ៌ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការចោទ ប្រកាន់ពីបទឆបោកពាក់ព័ន្ធ ទៅនឹងសំណុំរឿងព្រហ្មទណ្ឌចំនួន២ ដែលជនរងគ្រោះប្ដឹងចោទប្រកាន់ថា លក់ដីឲ្យពួកខ្លួនប្រគល់លុយឲ្យហើយ តែមិនមានដីឲ្យពួកខ្លួនទៅវិញ៕

