ចិនវាយបកមកសហរដ្ឋអាមេរិកវិញ ជាមួយនឹងពន្ធថ្មីលើទំនិញតម្លៃ ៧៥ពាន់លានដុល្លារ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី២៣ ខែសីហា បាននិយាយថា លោកបានបញ្ជាឱ្យក្រុមហ៊ុនអាមេរិកចាកចេញពីប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ពន្ធសងសឹកលើទំនិញរបស់អាមេរិកតម្លៃ ៧៥ពាន់លានដុល្លារ ដោយបានធ្វើឱ្យមានការប្រទូសរ៉ាយថ្មីមួយទៅក្នុងសង្គ្រាមពាណិជ្ជកម្មដ៏ជូរចត់រវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរលើពិភពលោក។ លោក ត្រាំ បាននិយាយនៅលើបណ្ដាញ Twitter ថា លោកនឹងចេញការឆ្លើយតបចំពោះផែនការពន្ធចុងក្រោយរបស់ចិននៅរសៀលថ្ងៃសុក្រនេះ។

មន្រ្តីជាន់ខ្ពស់នៃសេតវិមានបានប្រាប់រ៉យទ័រថា ប្រធានាធិបតីកំពុងជួបជាមួយក្រុមពាណិជ្ជកម្មរបស់គាត់នៅពេលថ្ងៃត្រង់។ លោក ត្រាំ បានសរសេរលើបណ្តាញសង្គមថា៖ “យើងមិនត្រូវការប្រទេសចិនទេ ហើយនិយាយឱ្យត្រង់ទៅគឺប្រសើរជាងបើគ្មានពួកគេ។ លុយដ៏ច្រើនសន្ធឹកសន្ធាប់ដែលត្រូវបានប្រទេសចិនលួចពីសហរដ្ឋអាមេរិកពីមួយឆ្នាំទៅមួយឆ្នាំ អស់ជាច្រើនទសវត្សរ៍នឹងត្រូវតែបញ្ឈប់”។
លោកបន្ថែមថា៖ “ក្រុមហ៊ុនអាមេរិកដ៏អស្ចារ្យរបស់យើង ត្រូវបានបញ្ជាឱ្យចាប់ផ្តើមស្វែងរកជម្រើសជំនួសប្រទេសចិនជាបន្ទាន់ រួមទាំងការនាំក្រុមហ៊ុនរបស់អ្នកមកផ្ទះវិញ និងបង្កើតផលិតផលរបស់អ្នកនៅសហរដ្ឋអាមេរិកនេះ”។ គេមិនទាន់ច្បាស់ថាតើអាជ្ញាធរស្របច្បាប់អ្វី ដែលលោក ត្រាំ នឹងអាចប្រើ ដើម្បីបង្ខំក្រុមហ៊ុនអាមេរិកឱ្យបិទប្រតិបត្តិការនៅក្នុងប្រទេសចិន ឬបញ្ឈប់ការស្វែងរកប្រភពផលិតផលពីចិន៕


អត្ថបទ៖ លីដា