ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង ២គ្រាប់ ជាថ្មីម្ដងទៀតនៅព្រឹកថ្ងៃសៅរ៍នេះ

    BY autoadmin August 24, 2019
    កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង ២គ្រាប់ ជាថ្មីម្ដងទៀតនៅព្រឹកថ្ងៃសៅរ៍នេះ

    រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោក Takeshi Iwaya មានប្រសាសន៍ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង ២គ្រាប់ នៅព្រឹកថ្ងៃសៅរ៍នេះ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍នៅឯក្រសួងការពារជាតិក្នុងទីក្រុងតូក្យូលោក Iwaya បាននិយាយថា មីស៊ីលទាំងនោះត្រូវបានបាញ់ចេញពីភាគខាងកើតនៃឧបទ្វីបកូរ៉េ នៅម៉ោងប្រហែល ៦ និង ៤៤នាទី និង ៧ និង ០១នាទី ព្រឹក។ ហើយមីស៊ីលទាំងពីរបានធ្លាក់នៅក្នុងសមុទ្រជប៉ុន នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។

    លោក Iwaya បាននិយាយថា ការបាញ់មីស៊ីលថ្មីៗនេះរបស់កូរ៉េខាងជើង គឺជាបញ្ហាប្រឈមធ្ងន់ធ្ងរដល់សហគមន៍អន្តរជាតិ និងការរំលោភបំពានយ៉ាងច្បាស់នូវដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។ លោកបាននិយាយថា ទីក្រុងតូក្យូនឹងប្រមូល និងវិភាគព័ត៌មានដែលមាន ហើយបន្តតាមដានសកម្មភាពនេះបន្ដទៀត។ ការបាញ់បង្ហោះចុងក្រោយបង្អស់កើតឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបានជូនដំណឹងដល់ប្រទេសជប៉ុនអំពីការសម្រេចចិត្តរបស់ខ្លួន ដើម្បីបញ្ចប់កិច្ចព្រមព្រៀងសន្តិសុខទូទៅនៃកិច្ចព្រមព្រៀងព័ត៌មានយោធា ឬ GSOMIA ។

    ស្របពេលត្រូវបានសួរថា តើការជូនដំណឹងរបស់កូរ៉េខាងត្បូងមានឥទិ្ធពលណាមួយលើការប្រមូលព័ត៌មាន និងវិភាគព័ត៌មានរបស់ជប៉ុន សម្រាប់ការបាញ់បង្ហោះចុងក្រោយរបស់កូរ៉េខាងជើងដែរ ឬទេ? លោកបានឆ្លើយថា អត់ទេ ហើយលោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះនឹងមានប្រសិទ្ធិភាពរហូតដល់ខែវិច្ឆិកា។ លោកបានសម្តែងក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង ក៏ដូចជាកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិក នឹងមាននិរន្តរភាព។ លោកបានមានប្រសាសន៍ថា លោកសង្ឃឹមថានឹងអាចបង្ហាញពីបំណងប្រាថ្នារបស់លោក ទៅកាន់ប្រទេសកូរ៉េខាងត្បូង៕

    អត្ថបទ៖ លីដា

    Share This Post: