អគិ្គភ័យឆាបឆេះដ៏អាក្រក់មិនធ្លាប់មានពីមុនមក ប្រើប្រាស់រថយន្តអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យ៤៥គ្រឿង និងប្រើប្រាស់ទឹក ៣២៧ឡាន សមត្ថកិច្ចសន្និដ្ឋានថាមូលហេតុមកពីឆ្លងចរន្តអគ្គិសនី
ភ្នំពេញ៖ អគ្គិភ័យឆេះរោងចក្រផលិតពូក នៅ ភូមិចំរេីនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទល់មុខមន្ទីរពេទ្យរុស្ស៊ី តាំងពីម៉ោង១រសៀល ម្សិលមិញ រហូតដល់ម៉ោង ៥ទៀបភ្លឺ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍ អគ្គិភ័យនេះ បានសម្រេចហើយ តែចំពោះអគារកម្ពស់៤ជាន់អាចនឹងរំលំអគារ ហើយពេលនេះសមត្ថកិច្ចកំពុងតែរកមធ្យោបាយក្នុងការវាយកម្ទេទអគារនោះចោល។ យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ការឆាបឆេះដ៏អាក្រក់នេះបណ្តាលមកពីមូលហេតុ ឆ្លងចរន្តអគ្គិសនី។
យោងតាមរបាយការណ៍ដែលបានចុះផ្សាយនៅលើគេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ការឆាបឆេះនេះ បណ្តាលឲ្យខូចខាត ឆេះរោងសិប្បកម្មផលិតពូកគេង សង់ថ្មបេតុងប្រក់ស័ង្កសីទំហំ២០០ម៉ែត្រX២០០ម៉ែត្រ កំពស់៤ជាន់ អស់ទាំងស្រុង រួមទាំងឆេះឧបករណ៍សម្ភារបម្រើឲ្យការផលិតពូកមានដូចជាឆេះម៉ាស៊ីនដេរចំនួន១៨គ្រឿង, ឆេះម៉ាស៊ីន កាត់ពូកចំនួន៧គ្រឿង, ឆេះម៉ាស៊ីនជាក់ពូកចំនួន១គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
ករណីនេះបានប្រើប្រាស់រថយន្តអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យ៤៥គ្រឿង និងប្រើប្រាស់ទឹក ៣២៧ឡាន រួមមាន រថយន្តការិ.អគ្គិភ័យ: ចំនួន២៣គ្រឿង ប្រើប្រាស់ទឹកអស់១៥៧ឡាន ស្មើនឹង ៧៣០ម៉ែត្រគូប, រថយន្តជំនួយ : រថយន្តអគ្គិភ័យ ក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ១០ឡាន ស្មើនឹង ៤០ម៉ែត្រគូប, រថយន្តអគ្គិភ័យ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ ៣៥ឡាន ស្មើនឹង១៦៨ ម៉ែត្រគូប, រថយន្តអគ្គិភ័យ OCIC ជ្រោយចង្វារ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ ៣៦ឡាន ស្មើនឹង ៤១០ ម៉ែត្រគូប, រថយន្តអគ្គិភ័យ OCICកោះពេជ្រ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ ៣០ឡាន ស្មើនឹង ១៤៤ ម៉ែត្រគូប, រថយន្តអគ្គិភ័យ ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើនឹង ១២ ម៉ែត្រគូប, រថយន្តអគ្គិភ័យបុរីប៉េងហួត ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើនឹង ០៨ ម៉ែត្រគូប, រថយន្តអគ្គិភ័យ ង៧០ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ១០ឡាន ស្មើនឹង ៤០ ម៉ែត្រគូប៕



រូបភាព និងប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ/Eat Jin