ជនរងគ្រោះទាំង៦ ដែលរងគ្រោះដោយសារតែផ្ទុះហ្គាសនៅសៀមរាប កំពុងសម្រាកព្យាបាលនៅប្រទេសថៃ ម្នាក់ទទួលបានថវិកាជិត៥០០ដុល្លារ ពីកាកបាទក្រហមកម្ពុជា
នាថ្ងៃព្រហស្បតិ៍ និងថ្ងៃ ៧-៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២-២៣ ខែសីហា ឆ្នាំ២០១៩ ប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជួបសួរសុខទុក្ខ និងនាំយកថវិកាមនុស្សធម៌ផ្ដល់ជូនដល់ជនរងគ្រោះរលាកភ្លើងដោយការផ្ទុះហ្គាស ចំនួន៦រូប ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរក្នុងប្រទេសថៃ ។
ក្នុងឱកាសជួបសួរសុខទុក្ខ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ព្រមទាំងសម្ដែងនូវការអាណិតអាសូរជាពន់ពេក ចំពោះបងប្អូនដែលបានរងគ្រោះនូវឧបទ្ទវហេតុផ្ទុះហ្គាសនេះ។ ឯកឧត្តមក៏បានបន្តថា សូមបងប្អូនជនរងគ្រោះកុំអស់សង្ឃឹម ត្រូវជឿជាក់លើគ្រូពេទ្យ និងត្រូវខិតខំថែរក្សា បំប៉នសុខភាព ដើម្បីឆាប់បានជាសះស្បើយវិលត្រលប់ទៅផ្ទះវិញ។ ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មិនទុកបងប្អូនជនរងគ្រោះណាម្នាក់ឱ្យនៅកណ្ដោចកណ្ដែងឡើយ សមដូចពាក្យស្លាកថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” ។
សូមបញ្ជាក់ថាជនរងគ្រោះទាំង៦នាក់ដែលកំពុងសម្រាកព្យាបាលនៅក្នុងប្រទេសថៃមានដូចខាងក្រោម៖
ក. មន្ទីរពេទ្យខេត្តសុរិន្ទ អគារលេខ៩ ជាន់ទី៤
១- ព្រៀន ខុង ភេទប្រុស អាយុ ២០ឆ្នាំ ជាងគំនូរ នៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក
២- ជិញ ខៅដាង ភេទស្រី អាយុ ៣២ឆ្នាំ កម្មករលក់ហ្គាស នៅភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ
ខ. មន្ទីរពេទ្យខេត្តបុរីរ៉ាំ អគារលេខ៩ ជាន់ទី៤
១- ត្រុត វៃ ភេទប្រុស អាយុ ២១ ឆ្នាំ ជាងគំនូរ នៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក
២- សៃ កំសាន្ត ភេទប្រុស អាយុ ២១ ជាងគំនូរ នៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក
គ. មន្ទីរពេទ្យ មហារ៉ាត់ ណាខន រ៉ាចសីម៉ា ខេត្តនគររាជសីម៉ា អគារលេខ ៨ ជាន់ទី៥
១- មឿន កុយ ភេទប្រុស អាយុ ៤១ឆ្នាំ អ្នកបើករថយន្ដដឹកហ្គាស នៅភូមិចំបក់ហែ ឃុំពួក ស្រុកពួក
ឃ. មន្ទីរពេទ្យសបប្រាសិទ្ធ អគារ Burn Center ជាន់ទី៥ ខេត្តអ៊ូប៊ុន រាជធានី
១- ហួត មុន្នីពិសាខ ភេទប្រុស អាយុ ៣៥ឆ្នាំ មន្ត្រីនគរបាលខេត្ត នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ថវិកាមនុស្សធម៌ដែលបានផ្ដល់ជូនម្នាក់ៗទទួលបាន ១ម៉ឺន៥ពាន់បាត (ប្រហែលនឹង៤៨៩ដុល្លារអាមេរិក)៕







ប្រភព៖ កាកបាទក្រហមកម្ពុជា-Cambodian Red Cross