ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសឥណ្ឌូនេស៊ីមានគម្រោងផ្លាស់ប្តូររដ្ឋធានី ចេញពីទីក្រុងកំពុងលិចទឹក Jakarta ទៅកាន់កោះសម្បូរព្រៃ Borneo វិញ

    BY autoadmin August 26, 2019
    ប្រទេសឥណ្ឌូនេស៊ីមានគម្រោងផ្លាស់ប្តូររដ្ឋធានី ចេញពីទីក្រុងកំពុងលិចទឹក Jakarta ទៅកាន់កោះសម្បូរព្រៃ Borneo វិញ

    ដូចការរំពឹងទុកពិតមែន! ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានប្រកាសផែនការថា នឹងផ្លាស់ទីរដ្ឋធានីរបស់ប្រទេសនេះទៅកាន់កោះ Borneo វិញ។ ការផ្លាស់ប្តូរនេះកើតឡើងដោយសារតែរដ្ឋធានីហ្សាកាតា (Jakarta) បច្ចុប្បន្នកំពុងមានបញ្ហាលិចទិក ដោយសារតែប្រហែល ៤០% នៃប្រជាជនចំនួន ១០លាននាក់ របស់ទីក្រុងនេះ កំពុងរស់នៅក្រោមកម្រិតទឹកសមុទ្រ។ រដ្ឋធានីនេះក៏ទទួលរងពីការបំពុលបរិស្ថាន និងបញ្ហាមនុស្សកកកុញ ខណៈមុខមាត់អន្តរជាតិរបស់ប្រទេសនេះក៏កំពុងស្ថិតក្នុងគ្រោះថ្នាក់។

    លោក Joko Widodo បានមានប្រសាសន៍ថា៖ “រដ្ឋធានីមិនគ្រាន់តែជានិមិត្តរូបនៃអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាសម្គាល់នៃការរីកចម្រើនរបស់ប្រទេសនេះផងដែរ។ នេះគឺសម្រាប់សមភាពសេដ្ឋកិច្ច និងយុត្តិធម៌។ នេះជាចក្ខុវិស័យរបស់ប្រទេសឥណ្ឌូនេស៊ីដែលជឿនលឿនមួយ”។ នៅទីក្រុងចាការតារបស់កោះជ្វានេះ ជញ្ជាំងសមុទ្រកំពុងត្រូវបានសាងសង់ ប៉ុន្តែការការពារដែលពួកគេផ្តល់ជូនគឺមានកម្រិត។ យ៉ាងណាមិញរដ្ឋាភិបាលឥណ្ឌូនេស៊ី ចង់ចាប់ផ្តើមផ្លាស់ប្តូររដ្ឋធានីរបស់ខ្លួនឱ្យបានត្រឹមឆ្នាំ២០២៤។ ហើយអ្នកអភិវឌ្ឍន៍កំពុងត្រូវបានផ្តល់ជូននូវចំណូលជួល ដើម្បីជាថ្នូរនឹងការវិនិយោគនៅក្នុងគម្រោងនេះ។

    គួរឱ្យដឹងផងដែរថា គំនិតនៃការផ្លាស់ប្តូររដ្ឋធានីត្រូវបានលេចឡើងជាច្រើនលើក ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យពីហូឡង់ក្នុង ឆ្នាំ១៩៤៥ ។ ជាក់ស្តែងកាលពី ឆ្នាំ២០១៦ ការស្ទង់មតិមួយក៏បានរកឃើញថា ទីក្រុងដ៏ធំនេះមានការកកស្ទះចរាចរណ៍ដ៏អាក្រក់បំផុតនៅពិភពលោក ដែលសូម្បីតែរដ្ឋមន្រ្តីរដ្ឋាភិបាល គឺត្រូវតែមានការអមដំណើរដោយក្បួនរបស់ប៉ូលីស ដើម្បីចូលរួមកិច្ចប្រជុំណាមួយឱ្យទាន់ពេលវេលា៕

    អត្ថបទ៖ លីដា

    Share This Post: