មកមើលទិដ្ឋភាពយន្តហោះដឹកទឹករាប់ពាន់លីត្រ យកទៅពន្លត់ភ្លើង Amazon កំពុងឆាបឆេះ (មានវីដេអូ)
ប្រេស៊ីល៖ យន្តហោះចម្បាំងរបស់ប្រទេសប្រេស៊ីលជាច្រើនគ្រឿងត្រូវបានគេប្រើប្រាស់ដឹកទឹកយកទៅពន្លត់ភ្លើង ដែលកំពុងតែឆេះនៅព្រៃ Amazon ។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន DAILYMAIL បានឲ្យដឹងថា រហូតមកទល់នឹងពេលនេះព្រៃ Amazon ដែលលាតសន្ធឹងនៅលើទឹកដីនៃប្រទេសប្រេស៊ីលប្រមាណជា ២០% ត្រូវបានឆេះខ្ទេចគ្មានសល់ ខណៈភ្លើងនៅតែបន្តឆេះនៅឡើយ។
លោក Jair Bolsonaro ប្រធានាធិបតីនៃប្រទេសប្រស៊ីលបានឲ្យដឹងថា រហូតមកទល់នឹងពេលនេះភ្លើងបានបន្តឆេះនៅក្នុងរដ្ឋចំនួន ៤ នៅភាគខាងជើងប្រទេសប្រេស៊ីលមានដូចជារដ្ឋ Roraima, Rondonia, Tocantins និងរដ្ឋ Para ។ ក្រៅពីប្រើប្រាស់យន្តហោះចម្បាំងដើម្បីដឹកទឹកយកទៅពន្លត់ភ្លើង គេក៏បានប្រើប្រាស់នូវកងទ័ពចំនួន ៤៤,០០០ នាក់ផងដែរ ដើម្បីជួយធ្វើប្រតិបត្តិការណ៍ពន្លត់ភ្លើងនេះ។
សូមបញ្ជាក់ថា ព្រៃ Amazon លាតសន្ធឹងនៅក្នុងប្រទេសជាច្រើនដូចជា ប្រស៊ីល ប៉េរូ កូឡុំប៊ី វ៉េណេស៊ុយអេឡា អេក្វាឌ័រ បូលីវី ហ្គីយ៉ាណា សុរិន្ទ (suriname) និងប្រទេសបារាំង (French Guiana) ហើយព្រៃនេះបានជួយបង្កើតខ្យល់អុកស៊ីសែនបរិសុទ្ធ ២០ % ទៅកាន់ពិភពលោកទាំងមូល។ ដូចនេះហើយបញ្ហាភ្លើងឆេះព្រៃ Amazon មិនមែនជាបញ្ហារបស់ប្រទេសប្រេស៊ីលតែម្នាក់ឯងនោះទេ តែប្រទេសជាច្រើនក៏ត្រូវរួមគ្នាជួយដោះស្រាយផងដែរ តួយ៉ាងលោក Boris Johnson នាយករដ្ឋមន្រ្តីនៃប្រទេសអង់គ្លេសបានសន្យានឹងជួយផ្តល់ប្រាក់ចំនួន ១០ លានផោន (ជាង ១២ លានដុល្លារ) ដើម្បីជួយការពារដែលជំរកសត្វព្រៃមួយចំនួនដែលភ្លើងមិនទាន់ឆេះដល់។ ក្រៅពីនេះប្រមុខដឹកនាំប្រទេសធំៗជាច្រើន តារាល្បីៗ និងមហាសេដ្ឋីមួយចំនួនសុទ្ធតែបានបរិច្ចាគប្រាក់ដើម្បីក្នុងប្រតិបត្តិការណ៍ពន្លត់ភ្លើង និងការពារដែនជំរកសត្វព្រៃនេះ។
អត្ថបទ៖ ភក្តី







