ករណីកូនបំណុលគ្មានលុយសង ហើយត្រូវគេបង្ខំឲ្យលក់ខ្លួន ដើម្បីយកប្រាក់ដោះស្រាយបំំណុល កំពុងល្បីក្នុងបណ្តាញសង្គមម៉ាឡេស៊ី
ម៉ាឡេស៊ី៖ ករណីក្រុមអ្នករកស៊ីចងការប្រាក់ក្រៅប្រព័ន្ធបង្ខំឲ្យកូនបំណុលរបស់ពួកគេធ្វើជាស្រ្តីលក់ខ្លួន ដើម្បីដោះបំណុល បានផ្ទុះឡើងនៅក្នុងប្រទេសម៉ាឡេស៊ី និងបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សារព័ត៌មានជាតិ និងអន្តរជាតិ។ ក្រុមអ្នករកស៊ីចងការប្រាក់ក្រៅប្រព័ន្ធនៅទីនេះគឺសំដៅលើក្រុមអ្នករកស៊ីចងការប្រាក់ខុសច្បាប់ ដោយពួកគេបានយកការប្រាក់យ៉ាងច្រើនលើសច្បាប់កំណត់ ហើយជាទូទៅពួកគេតែងតែរកស៊ីជាមួយនឹងមនុស្សទាល់ច្រក ឬទាល់លុយខ្លាំង។
តួយ៉ាងករណីមួយដែលកំពុងល្បីនៅក្នុងប្រទេសម៉ាឡេស៊ីគឺជាករណីរបស់អ្នកនាង Wong អាយុ ២៨ ឆ្នាំ ដែលបានជំពាក់លុយគេ និងត្រូវបានគេបង្ខំឲ្យទៅលក់ខ្លួនដើម្បីយកប្រាក់ដោះបំណុល។ មុនកើតហេតុស្ត្រីរងគ្រោះមានបញ្ហាត្រូវការប្រើប្រាស់ប្រាក់ជាបន្ទាន់ ហើយនាងមិនអាចខ្ចីអ្នកណាម្នាក់បានលឿនទាន់ចិត្តឡើយ ក្រៅតែពីទាក់ទងទៅកាន់ក្រុមអ្នករកស៊ីចងការប្រាក់ក្រៅប្រព័ន្ធនេះ។ ក្រោយមានទំនាក់ទំនងជាមួយក្រុមរកស៊ីខុសច្បាប់នេះ ពួកគេបានផ្ញើប្រាក់ចូលទៅក្នុងគណនីធនាគាររបស់នាងជារឿយៗបើទោះជានាងមិនបានប្រាប់ថាខ្ចីក៏ដោយ ហើយក្រោយមកទើបពួកគេមកជួបនាង និងឲ្យចុះហត្ថលេខាទទួលខុសត្រូវសងប្រាក់មកវិញ។
ឥរិយាបថបែបនេះបានជំរុញឲ្យអ្នកនាង Wong ចាយប្រាក់ច្រើនលើសការកំណត់ជាប្រចាំ។ ចំពោះការទូទាត់ប្រាក់វិញគឺពួកគេបានគិតការប្រាក់យ៉ាងច្រើន ដោយគ្រាន់តែឲ្យអ្នកនាង Wong ខ្ចីចំនួន ៣,០០០ RM (៧១៣ ដុល្លារ) តែគាត់ត្រូវសងទៅវិញចំនួន ១,៧០០ RM (៤០៤ ដុល្លារ) ក្នុងមួសប្តាហ៍ និងត្រូវសងក្នុងរយៈពេល ៣ សប្តាហ៍ ហើយបើសរុបទៅគឺត្រូវសងទាំងការទាំងដើមចំនួន ៥,១០០ RM (១,២១២ ដុល្លារ)។
ក្រោយពេលកូនបំណុលគ្មានប្រាក់សងតាមការកំណត់ពួកគេក៏បានបង្ខំឲ្យអ្នកនាង Wong លក់ខ្លួនយកប្រាក់ទូទាត់បំណុល តែអ្នកនាងមិនបានធ្វើតាមពួកគេឡើយ និងបានសម្រេចទៅរកអន្តរាគមន៍ពីប៉ូលិស។ ពេលនេះប៉ូលិសម៉ាឡេស៊ីកំពុងបើការស៊ើបអង្កេតជុំវិញករណីនេះ និងបានប្រាប់ឲ្យប្រជាពលរដ្ឋត្រូវចៀសឲ្យឆ្ងាយពីក្រុមអ្នករកស៊ីចងការប្រាក់ក្រៅប្រព័ន្ធនេះ៕

អត្ថបទ៖ ភក្តី