ប្រេស៊ីលបដិសេធមិនទទួលមូលនិធិ ២០លានដុល្លារ របស់ G7 នោះទេ និងចោទមកលោក Emmanuel Macron វិញថា ប្រកាន់យកគំនិតបែបអាណានិគមនិយម
កាលពីម្សិលមិញលោក Emmanuel Macron ទើបតែបានប្រកាសនៅឯកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុង Biarritz ប្រទេសបារាំងថា ពួកគេប្ដេជ្ញានឹងផ្ដល់មូលនិធិជាបន្ទាន់ចំនួនជាង ២០លានដុល្លារ សម្រាប់ចំណាយលើការរៀបចំយន្តហោះពន្លត់អគ្គីភ័យបន្ថែម ដើម្បីទប់ស្កាត់ការរាលដាលភ្លើងឆេះព្រៃអាម៉ាហ្សូន ដែលកំពុងធ្វើឱ្យមានការព្រួយបារម្ភដល់អ្នកបរិស្ថាន។ ប៉ុន្តែខាងមន្រ្តីរបស់ប្រេស៊ីលបានបដិសេធការផ្ដល់ជូននេះ ដោយនិយាយថា រដ្ឋាភិបាលរបស់ពួកគេនឹងមិនទទួលទឹកប្រាក់ទាំងនេះ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃអាម៉ាហ្សូននោះទេ។
យ៉ាងណាក៏ដោយប្រទេសប្រេស៊ីលមិនទាន់បានប្រាប់ភ្លាមៗពីហេតុផល ដែលពួកគេបដិសេធមូលនិធិនោះទេ ប៉ុន្តែប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានចោទប្រកាន់លោក Emmanuel Macron វិញថា ប្រកាន់យកគំនិតបែបអាណានិគមនិយម នៅឯកិច្ចប្រជុំកំពូលនៃប្រទេសអភិវឌ្ឍន៍ឈានមុខ G7 ដែលប្រទេសបារាំងផ្ទាល់បានធ្វើជាម្ចាស់ផ្ទះនេះ។
អនុប្រធានសហព័ន្ធប្រេស៊ីលលោក Onyx Lorenzoni បានប្រាប់គេហទំព័រព័ត៌មាន G1 ថា៖ “យើងពេញចិត្តនឹងការផ្តល់ជូននេះ ប៉ុន្តែយកល្អគួរតែយកមូលនិធិទាំងនេះ ទៅផ្គត់ផ្គង់ការដាំដើមឈើនៅអឺរ៉ុបឡើងវិញ”។ ហើយនៅក្នុងការបន្តតឹងសរសៃករវាងបារាំង និងប្រេស៊ីល ដែលបានគំរាមកំហែងគ្របដណ្តប់លើកិច្ចប្រជុំកំពូល G7 រយៈពេល ៣ ថ្ងៃនោះ លោក Lorenzoni បានលើកឡើងថា «ជំនួយនេះគឺជាការលាក់ពុត» ។ លោក Lorenzoni សំដៅលើការពិតដែលថា កាលពីខែមេសា ព្រះវិហារ Notre-Dame នៅទីក្រុងប៉ារីសក៏ត្រូវបានភ្លើងឆេះ ខណៈលោក Emmanuel Macron មិនអាចគ្រប់គ្រងវាបានដូចគ្នា៕















អត្ថបទ៖ លីដា