នាយករដ្ឋមន្ដ្រីកាណាដានឹងបញ្ជូនយន្តហោះពន្លត់អគ្គិភ័យ និងទឹកប្រាក់ចំនួន ១៥លានដុល្លារ ដើម្បីជួយដោះស្រាយបញ្ហាភ្លើងឆេះព្រៃអាម៉ាហ្សូន
លោក Justin Trudeau បាននិយាយថា ប្រទេសកាណាដានឹងបញ្ជូនយន្តហោះពន្លត់អគ្គិភ័យ និងទឹកប្រាក់ចំនួន ១៥លានដុល្លារ ដើម្បីជួយដោះស្រាយបញ្ហាភ្លើងឆេះព្រៃអាម៉ាហ្សូន ដែលកំពុងឆាបឆេះពាសពេញទ្វីបអាមេរិកខាងត្បូង។ នាយករដ្ឋមន្ដ្រីរូបនេះបានធ្វើអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់នៃកិច្ចប្រជុំកំពូល G7 នៅក្រុង Biarritz ប្រទេសបារាំង ដែលបញ្ហានេះផងដែរគឺជាប្រធានបទដ៏ក្តៅគគុក។
គាត់បានប្រាប់អ្នកយកព័ត៌មានថា៖ “ប្រជាជននៅជុំវិញពិភពលោកមានការភ្ញាក់ផ្អើល និងរន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលដែលឃើញព្រៃអាម៉ាហ្សូនបានឡោមព័ទ្ធទៅដោយអណ្តាតភ្លើង”។ មេដឹកនាំរូបនេះបាននិយាយថា រដ្ឋមន្រ្តីក្រសួងការបរទេសរបស់លោក គឺអ្នកស្រី Chrystia Freeland ក៏បានទៅជួបសមភាគីនៅក្នុងប្រទេសប្រេស៊ីល និងបូលីវី រួចហើយដែរ។
លោក Justin Trudeau និយាយថា៖ “យើងអាចធ្វើពុតថាស្ថានភាពនៅអាម៉ាហ្សូនគ្រាន់តែជាផ្នែកមួយនៃវដ្តធម្មជាតិ ប៉ុន្តែនៅទីនោះផ្ទាល់ វាមិនមែនបែបហ្នឹងនោះទេ។ ចំនួននៃសកម្មភាពមនុស្ស និងអាកាសធាតុ បានជះឥទ្ធិពលមកលើសហគមន៍, បរិស្ថានសុខភាព និងពិភពលោករបស់យើង នឹងបន្តកើនឡើងដរាបណាយើងមិនមានវិធានការច្បាស់លាស់”។
ចំណែកប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បាននិយាយថា លោកនឹងទទួលយកការផ្តល់ជំនួយអន្តរជាតិ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងអគ្គីភ័យនៅក្នុងអាម៉ាហ្សូន ប្រសិនបើមេដឹកនាំបារាំងលោក Emmanuel Macron «ដកការប្រមាថ» ដែលបានធ្វើចំពោះរូបលោក ទាំងដែលការពិតនរណាជាអ្នកបង្ករឿង គេគ្រប់គ្នាសុទ្ធតែដឹង៕


អត្ថបទ៖ លីដា
