ពិតជាល្អមែន! ឯកឧត្តម គួច ចំរើន អាចនឹងប្រើដ្រូន សម្រាប់មើលពីប្រព័ន្ធអូរ និងប្រឡាយនៅក្នុងខេត្ត ដើម្បីរំដោះជំនន់ទឹក កុំឲ្យជន់លិចទៀត
យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារ និងការធ្វេីបទបង្ហាញអំពីសក្តានុពលរបស់ក្រុមហ៊ុន បង្ហោះដ្រូន ដើម្បីសិក្សា និងប្រមូលទិន្នន័យប្រព័ន្ធអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ក្នុងការរំដោះជំនន់ទឹកភ្លៀង ។
លោក សោម មិថុនារត្ន័ ប្រធានក្រុមហ៊ុន KCC Cambodia Co Ltd មានប្រសាសន៍ថា ដោយសារតែស្ថានភាពជំនន់ទឹកភ្លៀងបង្កឱ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋនាពេលកន្លងមក ក្រុមហ៊ុនផ្តោតជាសំខាន់មានដូចជា បញ្ហាទឹកភ្លៀង សណ្ឋានដី កំពស់ទឹកសមុទ្រ ដែលមានវិសាលភាពប្រឈមនឹងជំនន់ទឹកភ្លៀង ដូច្នេះយើងត្រូវមានទិន្នន័យពីសណ្ឋានដី គម្រោងកាត់បន្ថយគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង ។
លោកបានបន្តថា យេីងត្រូវ៖
-ប្រមូលព័ត៌មាន និងទិន្នន័យសុក្រឹត
-សិក្សាសណ្ឋានដី
-ប្រមូលព័ត៌មានពីប្រព័ន្ធអូរ ប្រឡាយទឹកភ្លៀង ទឹកកខ្វក់ និងទឹកស្អាត សិក្សាផ្អែកលើវិទ្យាសាស្ត្រ និងមជ្ឈមណ្ឌលវិភាគ
-បណ្តុះបណ្តាល និងធ្វេីបច្ចុ្បន្នភាពទិន្នន័យ ។ម្យ៉ាងទៀតការ បង្ហោះដ្រូននេះប្រើពេលប្រហែល ១២សប្តាហ៍ ដើម្បីប្រមូលទិន្នន័យជាក់លាក់លើផ្ទៃដី ៥.០៨០ហិកតា ក្នុងក្រុងព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ចំពោះក្រុមហ៊ុន KCC Cambodia Co Ltd មានគោលបំណងចូលរួមជាមួយរដ្ឋបាលខេត្ត សិក្សាលើប្រព័ន្ធអូរ ប្រឡាយ ដាក់លូរំដោះទឹកភ្លៀង និងទឹកកខ្វក់នៅក្រុងព្រះសីហនុ ដើម្បីកែលម្អសោភ័ណភាព បរិស្ថានកាន់តែល្អប្រសើរឡើងបន្ថែមទៀត ពិតណាស់បញ្ហាប្រឈមដោយជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ន ជាបន្ទុករបស់រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងមួយចំនួន កំពុងយកចិត្តទុកដាក់ក្នុងការដោះស្រាយសភាពការណ៍ នៃគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងសម្រាប់ខេត្តព្រះសីហនុ ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ