ម៉្យាងដែរ! ហាងលក់គ្រឿងសង្ហារឹមក្នុងប្រទេសចិនមួយនេះ នឹងទទួលស្វាគមន៍អតិថិជនឱ្យមកគេងនៅក្នុងហាងតាមចិត្ត
កាលពីមុនហាង IKEA ក្នុងប្រទេសចិនធ្លាប់បានចេញនូវច្បាប់ ដើម្បីហាមឃាត់រាល់អតិថិជនដែលយកកន្លែងតាំងបង្ហាញរបស់ហាង (showroom) មកធ្វើជាកន្លែងគេងសម្រាកផ្ទាល់ខ្លួន។ ប៉ុន្តែបើយោងតាម Shanghaiist ថ្មីៗនេះបានឱ្យដឹងថា ពេលនេះពួកគេនឹងបញ្ចេញនូវពូកគេង សាឡុង និងកៅអី… ដើម្បីដាក់បម្រើជូនអតិថិជនទាំងអស់គ្នា មិនថាអ្នកគ្រាន់តែត្រូវការកន្លែងគេងទន់ល្មើយ ត្រជាក់ស្រួល គេចពីកម្ដៅដ៏ក្ដៅ ឬគ្រាន់តែដើរមើលកម្សាន្ដភ្នែកនោះទេ។
ហាងលក់គ្រឿងសង្ហារិមរបស់ស៊ុយអ៊ែតមួយនេះ តែងជាគោលដៅក្នុងរដូវក្ដៅសម្រាប់អតិថិជនចិន ដើម្បីទទួលបានភាពសុខស្រួលពីគ្រឿងប្រណីតៗរបស់ហាង។ ប៉ុន្តែយ៉ាងណាក៏ដោយប្រធានក្រុមហ៊ុន IKEA នៅចិន អ្នកស្រី Anna Pawlak-Kuliga បានឱ្យដឹងថា អ្នករាល់គ្នាសុទ្ធតែត្រូវបានស្វាគមន៍ក្នុងការមកទស្សនាហាងនេះ ដោយសន្យាថានឹងមិនបង្វែរឱ្យអតិថិជនណាមួយចេញពីហាងទាំងមិនសប្បាយចិត្តឡើយ។ ដោយគាត់បាននិយាយថា៖ “យើងពិតជារីករាយណាស់ដែលបានស្វាគមន៍អតិថិជនជាច្រើននៅក្នុងហាងរបស់យើង និងអ្នកកំពុងប្រើប្រាស់ហាងរបស់យើងដើម្បីគេងដូចគ្នា” ។
អាចនិយាយបានថា វាជារឿងរ៉ាវប្លែកខុសពីមុន ដោយកាលពី ឆ្នាំ២០១៥ នៅពេលដែលមាននរណាម្នាក់គេងនៅកន្លែងដាក់តាំងគ្រឿងសង្ហារិមបែបនេះ រូបភាពរបស់ពួកគេនឹងត្រូវចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម។ ក៏មានគេរាយការណ៍ដែរថា ហាង IKEA នៅក្រុងប៉េកាំង ធ្លាប់បានព្យាយាមហាមឃាត់មនុស្សមិនឱ្យគេងនៅក្នុងបន្ទប់ដាក់បង្ហាញគ្រឿងសង្ហារឹម។ ប៉ុន្តែក្រោយមកក្រុមហ៊ុនបានបដិសេធថា ពួកគេមិនដែលអនុវត្តវិធានការបែបនេះទេ៕



អត្ថបទ៖ លីដា