បែករឿងអាស្រូវសាលារៀនមួយនៅប្រទេសថៃ ដែលមិនឱ្យសិស្សបរិភោគគ្រប់គ្រាន់ និងថែមទាំងព្រមានគ្រូរបស់ពួកគេ ដោយការគប់ឈាមសត្វពេញមុខថ្នាក់
ថៃ៖ កាលពីម្សិលមិញថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ កាសែតភាសាថៃ Khao Sod បានរាយការណ៍ថា អ្នកគ្រប់គ្រងសាលានៅស្រុក Hanka ខេត្ត Chai-nat ភាគកណ្តាលរបស់ប្រទេសថៃ បានបង្កើនគុណភាពអាហារថ្ងៃត្រង់ សម្រាប់សិស្សរបស់ពួកគេវិញហើយ បន្ទាប់ពីបែកធ្លាយរឿងឱ្យសិស្សញ៉ាំមិនគ្រប់ និងទទួលបានការថ្កោលទោសពីអាណាព្យាបាលសិស្ស។
រឿងអាស្រូវដែលសិស្សមិនទទួលបានអាហារគ្រប់គ្រាន់សមរម្យនេះបានបែកធ្លាយ បន្ទាប់ពីអ្នកគ្រូម្នាក់បានព្រួយបារម្ភអំពីរបបអាហារ ដែលកូនសិស្សរបស់គាត់បរិភោគរាល់ថ្ងៃ ហើយគាត់ក៏បាននិយាយរឿងនេះជាមួយនឹងអ្នកគ្រប់គ្រងសាលា។ ទីបំផុតបញ្ហាមិនបានដោះស្រាយ ហើយគាត់ថែមទាំងត្រូវបានគេព្រមានដោយការគប់ដុំឈាមនៅនឹងមុខថ្នាក់របស់គាត់ផ្ទាល់ទៀតផង។
បញ្ហានេះក៏ត្រូវបានកូនសិស្សមួយចំនួនបានរាយការណ៍ប្រាប់ឪពុកម្តាយរបស់ពួកគេផងដែរ ដោយនិយាយថា នៅពេលញ៉ាំអាហារពួកគេមានតែម្ហូបមួយ ឬពីរមុខប៉ុណ្ណោះ ដែលខាងសាលាដាក់បម្រើឱ្យពួកគេ។ ហើយបើមើលតាមវីដេអូឃើញថា សិស្សខ្លះមានត្រឹមតែមីឆា គ្មានសាច់ ឬបន្លែ អ្វីនោះទេ។ ចំណែកបង្អែម ឬផ្លែឈើស្រស់ ត្រូវបានសាលាដាក់ឱ្យញ៉ាំម្តងម្កាលប៉ុណ្ណោះ។
ប៉ុន្តែយ៉ាងណាមិញពេលនេះសិស្សទាំងនោះបានប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថា ពួកគេសប្បាយរីករាយណាស់ចំពោះការផ្លាស់ប្តូរនេះ។ ពួកគេបាននិយាយថា៖ “ឥឡូវនេះយើងទទួលបានម៉ឺនុយអាហារថ្ងៃត្រង់ពីរមុខជាមួយបង្អែមជាហូរហែរ” ៕





អត្ថបទ៖ លីដា